(កែប)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រុមការងារបច្ចេកទេសទើបបញ្ចប់ដោយជោគជ័យ លើកិច្ចចរចាពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន កាលពីពេលថ្មីៗនេះ ហើយកម្ពុជារំពឹងថា នឹងមានកំណើននៃការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ប្រមាណជា២០ភាគរយ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោករដ្ឋមន្ត្រី អញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកែប នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានជោគជ័យលើកិច្ចចរចានេះរួចមក ក្រុមការងារនឹងស្នើសុំគោលការណ៍ពីរដ្ឋាភិបាលទាំងសងខាង ដើម្បីផ្តល់ការយល់ព្រមលើអត្ថបទ កិច្ចព្រមព្រៀង និងសំណើបើកច្រកទីផ្សារ និងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នៅចុងឆ្នាំ២០២០នេះ ហើយវានឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើកដំបូងសម្រាប់កម្ពុជា។
រដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ បានអះអាងថា ផ្អែកលើគោលការណ៍រួម ដែលបានឯកភាពគ្នាដោយក្រុមចរចានោះ បន្ទាប់ពីរដ្ឋាភិបាលប្រទេសទាំងពីរឯកភាព លើកិច្ចព្រមព្រៀង និងការបើកច្រកទីផ្សារដែលបានស្នើឡើងនោះ កំណើននាំចេញពីកម្ពុជាត្រូវបានរំពឹងថា នឹងកើនឡើងប្រមាណ២០ភាគរយ។
សូមបញ្ជាក់ថា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ជាគំនិតផ្តួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី គឺជាំង (Li Keqiang) នាយករដ្ឋមន្ត្រីចិន នៅក្នុងជំនួបទ្វេភាគីនាថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង។ ការផ្តួចផ្តើមបង្កើតនូវកិច្ចព្រមព្រៀងនេះ ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ សម្រាប់ជាឧត្តមប្រយោជន៍ នៃប្រជាជនរបស់ប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានផ្តល់គោលការណ៍ណែនាំលើការងារសំខាន់ៗ មួយចំនួន ដែលមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឲ្យបាន។ លោកជំរុញឲ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ត្រូវខិតខំបំពេញតួនាទី និងភារកិច្ចរបស់មន្ទីរពាណិជ្ជកម្ម ឲ្យបានល្អ និងត្រូវចុះត្រួតពិនិត្យគុណភាពទំនិញ និងសេវាកម្ម ឲ្យកាន់តែសកម្មថែមទៀត ហើយត្រូវពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តថ្មីៗនានា ដែលទាក់ទងនឹងក្រសួងពាណិជ្ជកម្ម តួយ៉ាងដូចជាការគ្រប់គ្រងការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិកត្រូនិក ដែលច្បាប់នេះទើបតែដាក់ឲ្យប្រើប្រាស់ថ្មីៗជាដើម។
រដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ បានបន្តទៀតថា មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ខេត្ត ត្រូវសហការជាមួយអាជ្ញាខេត្តអនុវត្តការងារ វិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល អំពីការកាត់មន្រ្តីថ្នាក់ស្រុក របស់គ្រប់មន្ទីរ ក្រសួង ស្ថាប័នទំាងអស់ និងត្រូវចុះពង្រឹង ការអនុវត្តបទប្បញ្ញត្តិនានា ទាក់ទងនឹងការលើកស្លាកយីហោភោជនីយដ្ឋាន ស្ថានីយ៍ប្រេងឥន្ធនៈ ផ្ទះសំណាក់ សណ្ឋាគារ កន្លែងកំសាន្ត និងទីតាំងផេ្សងៗទៀត ដែលមានលក្ខណៈមិនសមស្របតាមលក្ខណៈបចេ្ចកទេស។ល។ ហើយមិនត្រូវចាំតែក្រុមការងារពង្រឹងមន្ទីរថ្នាក់ជាតិចុះមកធ្វើទេ ត្រូវចេះម្ចាស់ការដោយខ្លួនឯង ពិសេសបំផុតនោះ ត្រូវពិនិត្យ និងតាមដានតម្លៃទំនិញ និងតម្លៃតាមស្ថានីយ៍ប្រេងឥន្ធនៈ ដែលបានកំណត់តារាងតម្លៃ ដែលចេញដោយក្រសួង៕