(ភ្នំពេញ)៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ គឺជាខួប៤៣ឆ្នាំ ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយយុទ្ធមិត្ត៤រូប បានសម្រេចចិត្តក្នុងស្ថានភាពដ៏លំបាកក្នុងការធ្វើដំណើរចាកចេញពីកម្ពុជា ឆ្លងកាត់ព្រំដែនដ៏គ្រោះថ្នាក់បំផុតទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
នៅថ្ងៃនេះផងដែរ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានលើកឡើងថា បើគ្មានការសំរេចចិត្តដ៏ត្រឹមត្រូវ ផ្សងព្រេងមហាគ្រោះថ្នាក់របស់សម្តេចតេជោ ហ៊ុន សែន កាលពី៤៣ឆ្នាំមុនទេនោះ ក៏ប្រហែលកម្ពុជា ស្ថិតនៅក្នុងឋាននរកខ្មៅងងឹត គ្មានពន្លឺដូចសព្វថ្ងៃនេះដែរ។
លោក ហេង រតនា បានលើកឡើងយ៉ាងដូច្នេះថា «ថ្ងៃទី២០ មិថុនាជាការចាប់កំណើតនៃការសំរេចចិត្តយ៉ាងត្រឹមត្រូវ ជាមួយឆន្ទះមុតស្រួច និងភាពអង់អាចក្លាហ៊ាន យកជីវិតធ្វើដើមទុនក្នុងការដឹកនាំចលនាតស៊ូ ដោយកំលាំង យោធា ដែលក្រោយមកមានការគាំទ្រពីកងទ័ព និងប្រជាជនវៀតណាម ដែលនាំមកលទ្ធផលតាមគោលបំណង និងការតាំងចិត្តក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជារបស់សម្តេចតេជោ សែន។ បើគ្មានការសំរេចចិត្តដ៏ត្រឹមត្រូវផ្សងព្រេង មហាគ្រោះថ្នាក់នោះ ក៏ប្រហែលកម្ពុជាស្ថិតនៅក្នុងឋាននរកខ្មៅងងឹត គ្មានពន្លឺដូចសព្វថ្ងៃនេះដែរ»។
ជាមួយគ្នានេះ លោក ហេង រតនា បានបង្ហាញនូវការគោរពដឹងគុណ និងចងចាំជានិច្ចចំពោះវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តក្នុងការចេញដំណើរតស៊ូ ដោយយកជីវិតធ្វើជាដើមទុន ដើម្បីការរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីចង្កូមមច្ចុរាជ នៃរបបប្រល័យពូជសាសន៍កាលពី៤៣ឆ្នាំមុន។
លោកបានលើកឡើងថា កុលបុត្រខ្មែរគ្រប់រូបគ្រប់ជំនាន់ ត្រូវចារឹកក្នុងបេះដូងជាអមតៈនូវវីរភាពដ៏អង់អាចក្លាហាន របស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៕