(ភ្នំពេញ)៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ គឺជាខួប៤៣ឆ្នាំ ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយយុទ្ធមិត្ត៤រូប បានសម្រេចចិត្តក្នុងស្ថានភាពដ៏លំបាកក្នុងការធ្វើដំណើរចាកចេញពីកម្ពុជា ឆ្លងកាត់ព្រំដែនដ៏គ្រោះថ្នាក់បំផុតទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
កាលពីឆ្នាំ២០១៧កន្លងទៅនេះ ក្រសួងការពារជាតិបានរៀបចំរំលឹកនូវការចងចាំនៃដំណើរចេញតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តដើម្បីរំដោះជីវិតប្រជាពលរដ្ឋខ្មែរចេញពីផ្លូវមច្ចុរាជនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ការប្រារព្ធទិវាចងចាំនៃដំណើរឆ្ពោះទៅការវាយផ្តួលរំលំប្រល័យពូជសាសន៍ ប៉ុល ពត កាលពីឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅកាន់អតីតបញ្ជាការដ្ឋានវរសេនាធំតំបន់២១ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ស្ថិតនៅទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូង ឃ្មុំ។
បញ្ជាការដ្ឋានវរសេនាធំតំបន់២១ ជាទីតាំងដែលសមមិត្ត ហ៊ុន សែន និង យុទ្ធមិត្ត៤រូបផ្សេងទៀត (នុច ថន, ញឹក ហួន, សាន សាញ់, និង វ៉ា ប៉ោអៀន) បានសម្រេចចិត្តយ៉ាងលំបាកជាទីបំផុត ដោយយកជីវិតជាដើម ទុនភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្ររំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ក្នុងដំណើរវិលទៅកាន់ទីតាំងស្លាកស្នាមប្រវត្តិសាស្ត្រដ៏ជូរចត់នេះ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដែលនៅរស់រានមានជីវិតតែពីរនាក់នោះ បានធ្វើដំណើរទៅកាន់ទីតាំងស្លាកស្លាមប្រវត្តិសាស្ត្រទាំងនៅលើទឹកដី កម្ពុជា និងវៀតណាម រួមមានអតីតអតីតបញ្ជាការដ្ឋានវរសេនាធំតំបន់២១, តំបន់ព្រំដែនត្រង់ដើមទ្រយឹង, កន្លែង កប់អាវុធ និងកន្លែងដែលទាហានវៀតណាមសួរចម្លើយ។
បើទោះបីពេលវេលាបានកន្លងផុតទៅ៤០ឆ្នាំហើយក្តី តែព្រឹត្តិការណ៍នៃដំណើរចេញតស៊ូនៅដក់ជាប់ក្នុង ការចងចាំរបស់សម្តេចតេជោយ៉ាងជាក់ច្បាស់ជាទីបំផុត។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញនូវព្រឹត្តិការណ៍នោះយ៉ាងច្បាស់លាស់ជាមួយកម្រុងអនុស្សាវរីយ៍ដ៏ជូរចត់ជាទីបំផុត។
ខាងក្រោមនេះ គឺជាសម្រង់ប្រសាសន៍ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុង ពេលធ្វើដំណើររំលឹកពីដំណើរចេញតស៊ូនារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧៖