(ភ្នំពេញ)៖ ក្រសួងការពារជាតិនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ រៀបចំពិធីរំលឹកខួប៤៣ឆ្នាំ ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តធ្វើដំណើរផ្សងនឹងគ្រោះថ្នាក់ចាកចេញពីប្រទេសកម្ពុជា ដើម្បីស្វែងរកការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ពិធីធ្វើឡើងតំបន់ស្លាកស្នាមប្រវត្តិសាស្ត្រនៃចំណុចចាប់ផ្តើមដំណើរចេញតស៊ូក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ពិធីនេះត្រូវធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ និងមានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា ព្រមទាំងមន្ត្រីអនុព័ន្ធយោធានៃបណ្តាប្រទេសនានាប្រចាំនៅកម្ពុជាផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ គឺជារយៈពេលគម្រប់៤៣ឆ្នាំហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) ដែលយុទ្ធជន ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូបផ្សេង បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត។
កាលពីឆ្នាំ២០១៧ ដែលជាខួប ៤០ឆ្នាំនៃការចេញតស៊ូរំដោះប្រទេសជាតិនេះ សម្តេចតេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិត បានធ្វើដំណើរទៅចុះទៅកាន់គ្រប់ចំណុចក្នុងដំណាក់កាលតស៊ូនោះ ដើម្បីរំលឹកនូវអនុស្សាវរីយ៍ដ៏សែនជូរចត់នោះ។ គ្រប់ចំណុចដែលសម្តេចបានឆ្លងកាត់ កន្លែងដែលធ្វើឱ្យសម្តេចរំលឹកឡើងវិញ ហើយក្តុកក្តួលបង្ហូរទឹកភ្នែកអត់ដាច់នោះ គឺនៅត្រង់ចំណុចឆ្លងកាត់ព្រំដែនក្រោមដើមទ្រយឹង។
ត្រង់ដើមទ្រយឹងនេះ កាលពីឆ្នាំ១៩៧៧ មុនបន្តដំណើរទៅមុខសម្តេចតេជោ ហ៊ុន សែន បានបែរមុខមើលមុខទឹកដីកម្ពុជា ហើយក៏បានបង្ហាញអារម្មណ៍នឹកដល់ឧត្តមភរិយា និងកូនក្នុងផ្ទៃ ដោយមិនដឹងថា ការព្រាត់ពេលនោះនឹងត្រូវបានជួបគ្នាវិញឬយ៉ាងណា។ ជាពិសេសនឹកអាណោចអាធ័ម ដល់ជោគវាសនាដ៏កម្សត់របស់ខ្លួន ដែលត្រូវព្រាត់ពីឪពុកម្តាយក្នុងអាយុ ១៣ឆ្នាំ ព្រោះតែដើម្បីការសិក្សា លុះដល់អាយុ ២៥ឆ្នាំត្រូវឃ្លាត ឆ្ងាយពីទឹកដី ឃ្លាត់ឆ្ងាញពីមនុស្សស្រឡាញ់ស្មើជីវិត ព្រោះតែជាតិ និងប្រជាជន។
ផ្តើមចេញពីការលះបង់ដ៏ធំធេងរបស់យុទ្ធជន ហ៊ុន សែន និងយុទ្ធមិត្តកាលពី៤៣ឆ្នាំមុននោះ ដែលជាបុព្វហេតុដ៏ធំធេងបំផុតក្នុងការនាំជាតិ និងប្រជាជនកម្ពុជាឲ្យទទួលបានពន្លឺនៃភាពរីកចម្រើន និងស្រស់បំព្រងដូចពេលបច្ចុប្បន្ន។
មានសំណួរជាច្រើនបានចោទសួរថា បើគ្មានការលះបង់ទាំងអស់នោះទេ តើជាតិ និងប្រជាជនកម្ពុជា នឹងត្រូវទៅជាយ៉ាងណា ហើយអាចនឹងទទួលបានការរស់រៀន មានសិទ្ធិសេរី ដូចពេលបច្ចុប្បន្នដែរឬទេ បើលើពិភពលោកនាពេលនោះទាំងអង្គការសហប្រជាជាតិ និងអាមេរិកផងបានគាំទ្ររបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត ហើយមើលមិនឃើញពីទង្វើសម្លាប់រង្គាលដ៏ព្រៃផ្សៃរបស់ពួកគេ?
ក្រុមអ្នកប្រវត្តិសាស្ត្រខ្មែរបានមើលឃើញ ប្រសិនបើគ្មានការចាប់ផ្តើមចេញតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនខ្មែរស្នេហាជាតិនាំគ្នាងើបប៉ះបោររំដោះជាតិឡើងទេនោះ ជាតិ និងប្រជាជនកម្ពុជា គ្មានឱកាសរួចផុតពីរបបដ៏ប្រល័យរបស់ ប៉ុល ពត នោះឡើយ។
ជាមួយនឹងខួប ៤៣ឆ្នាំនៃដំណើរឆ្ពោះទៅរកការរំដោះជាតិនេះ អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវប្រវត្តិសង្ខេប នៃដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត៖
ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៧០ ប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងរង់ចាំនូវចលនាដឹកនាំខ្លាំងក្លាមួយដ៏ជាក់លាក់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។ បើគ្មានក្បាលម៉ាស៊ីនដឹកនាំ និងគ្មានកម្លាំងប្រដាប់អាវុធពិតប្រាកដចលនាតស៊ូនានា នឹងត្រូវពួកប្រល័យពូជសាសន៍កម្ទេចទាំងអស់ដោយគ្មានត្រាប្រណី។
ទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំតំបន់២១ វេលាម៉ោង ២១៖០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃច័ន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ នពស័ក ព.ស ២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន ៤នាក់ គឺ នុច ថន, ញឹក ហួន, សាន សាញ់, និង វ៉ា ប៉ោអៀន ចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភ ក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ទីតាំងដែលសមមិត្ត ហ៊ុន សែន និងក្រុមឆ្លងកាត់ពីខាងកម្ពុជា គឺនៅត្រង់ត្រពាំងរកា ត្រពាំងខ្ព័រ និងអាងដាច់ ដែលមានដើមទ្រយឹងធំស្គឹមស្គៃនៅក្បែរនោះ។ នៅទល់មុខគឺជាស្រុកឡុកនិញ ក្នុងខេត្តសុងប៊ែរ របស់វៀតណាម។ មុនពេលឈានជើងចូលក្នុងទឹកដីវៀតណាម សមមិត្ត ហ៊ុន សែន បានបែរមុខមកខាងទឹកដីកម្ពុជាដោយបង្ហូរទឹកភ្នែកក្តុកក្តួលឥតឧបមា ហើយនិយាយក្នុងចិត្តថា «អាយុ១៣ឆ្នាំ បែកពីស្រុកកំណើត ដោយអត់សាលារៀន អាយុ២៥ឆ្នាំ បែកពីមាតុភូមិ ដោយសារពួកឃាតករ»។
វេលាម៉ោង ០២៖០០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន បានដើរចូលចម្ងាយប្រមាណ ២០០ម៉ែត្រ ទៅក្នុងទឹកដីវៀតណាម។ អ្នកទាំងអស់គ្នា ក៏បានសម្រាករង់ចាំពេលភ្លឺ ដើម្បីកំណត់ទិសដៅសម្រាប់បន្តដំណើរ និងពុំមានអ្វីទទួលទានឡើយ។
សំណួរមួយចំនួនដែលសមមិត្ត ហ៊ុន សែន បានចោទសួរខ្លួនឯងថា តើអាចត្រូវស្លាប់នៅពេលឆ្លងព្រំដែនកម្ពុជា-វៀតណាម ដោយសារជាន់មីន ឬដោយសារកងការពារព្រំដែនរបស់វៀតណាមឬទេ? តើអាចត្រូវជាប់គុកដោយសារ ការឆ្លងដែនខុសច្បាប់ឬទេ? តើវៀតណាម ជឿ ហើយសុខចិត្តជួយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឬទេ ក្នុងពេលដែលវៀតណាម កំពុងមានទំនាក់ទំនងការទូត ជាមួយ កម្ពុជាប្រជាធិបតេយ្យ? សំណួរចុងក្រោយ គឺវៀតណាមអាចចាប់បញ្ជូនមកឲ្យ ប៉ុល ពត វិញឬទេ? ការចាកចេញនេះ ជាការចាកចេញដោយការឈឺចាប់ តែមោះមុតចោលទឹកដីកំណើត ចោលភរិយាដែលមានផ្ទៃពោះ៥ខែ។ សមមិត្តពិតជាមានការលំបាកខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយគិតដល់ផលវិបាកអាចកើតមានចំពោះភរិយា ដែលកំពុងស្ថិតនៅក្នុងក្រញាំឃោរឃៅរបស់ របបប្រល័យពូជសាសន៍ ប៉ុល ពត នៅឡើយ។
នោះជាពេលដែលសមមិត្ត ហ៊ុន សែន ចាប់ផ្តើម យកជីវិតធ្វើដើមទុន ដើម្បីធ្វើការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បន្ទាប់ពីការចូលរួម ក្នុងកងកម្លាំងប្រដាប់អាវុធ នៃចលនារំដោះជាតិ រហូតដល់ពិការភ្នែកម្ខាងនៅឆ្នាំ១៩៧៥។ ដោយនៅមានភ្លៀងតិចៗ និងមេឃនៅធ្លាក់អ័ព្ទជាច្រើន លំបាករកទិសឲ្យចំ ដោយពុំមានត្រីវិស័យ ដូចនេះត្រូវរង់ចាំរហូតដល់ថ្ងៃរះភ្លឺច្បាស់ ទើបចេញដំណើរនៅម៉ោងប្រមាណ ០៨៖០០នាទីព្រឹក។ សមមិត្ត ហ៊ុន សែន និងក្រុម បានសម្លឹងមើលទៅទិសដែលព្រះអាទិត្យរះ នោះគឺទិសខាងកើត ជាទិសតែមួយគត់ ដើម្បីធ្វើដំណើរទៅដល់វៀតណាម។
ក្រោយពីធ្វើដំណើរកាត់ព្រៃក្នុងទឹកដីវៀតណាម បានប្រមាណជិត ៦គីឡូម៉ែត្រ វេលាម៉ោង១១៖០០នាទី ជិតថ្ងៃត្រង់ ក្រុមសមមិត្ត ហ៊ុន សែន បានប្រទះឃើញផ្លូវលំមួយ ក្រាលគ្រួសក្រហម ក៏បានសម្រេចលាក់អាវុធ រួចរៀបចំដាំបបរដោយអង្ករ ដែលនៅសល់ក្នុងដៃបន្តិចបន្តួច រួចបន្តដំណើរតាមផ្លូវថ្នល់ ទៅរកជួបកងទ័ព និងប្រជាជនវៀតណាម។
ហេតុអ្វីបានជាក្រុមសមមិត្ត សម្រេចធ្វើដំណើរដោយលែងយកអាវុធតាមខ្លួនដូច្នេះ? នេះជាការគិតគូរដ៏ឈ្លាសវៃ ព្រោះឲ្យតែឃើញមានមនុស្សកាន់អាវុធឆ្លងដែន គឺកងទ័ពការពារវៀតណាម ឬកងឈ្លបអាចនឹងផ្ទុះអាវុធភ្លាម ជីវិតរបស់សមមិត្ត និងក្រុមមិនអាចធានាបានឡើយ។
វេលាម៉ោង១៤៖០០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន និងក្រុម បានដើរចូលទៅភូមិវៀតណាមមួយ ដែលមានចម្ងាយប្រមាណ ១៤គីឡូម៉ែត្រពីព្រំដែន។ ពេលប្រទះនឹងកម្មករចម្ការកៅស៊ូរបស់វៀតណាម ដែលកំពុងធ្វើដំណើរសមមិត្ត ហ៊ុន សែន ដើរសំដៅ ហើយកម្មករនោះ ក៏បានឲ្យក្រុមសមមិត្តរង់ចាំនៅទៅនោះសិន។ បន្ទាប់មក កម្មករបាននាំកម្លាំងស្វ័យការពារវៀតណាមមកដល់ ដោយមានអាវុធមកជាមួយផងដែរ។ ដំបូងវៀតណាមសង្ស័យទៅលើជនកម្ពុជាទាំងប្រាំនាក់នេះ ថាជាក្រុមវាយឆ្មក់ ឬក្រុមចារកិច្ចរបស់ ប៉ុល ពត ហើយបានធ្វើការសាកសួរ។
ក្រោយពីចាប់ផ្តើមជឿជាក់ខ្លះលើការអះអាងរបស់សមមិត្ត ហ៊ុន សែន ថាមិនមេនជាក្រុមវាយឆ្មក់របស់ ប៉ុល ពត ទេភាគីវៀតណាមក៏បានដាំបាយឆ្នាំលេខ១០ និងធ្វើម្ហូបជូនសម្រាប់មនុស្ស៥នាក់ ដែលធ្លាប់តែហូបបបរជាងមួយឆ្នាំហើយ។ វេលាម៉ោង១៦៖០០នាទី ខែមិថុនា ឆ្នាំ១៩៧៧ ក្រោយពីទទួលទានអាហាររួច ជនកម្ពុជាទាំង៥នាក់ ត្រូវបានគេនាំធ្វើដំណើរចម្ងាយ ៤គីឡូម៉ែត្រ ទៅដល់ភូមិឡាំងជីន នៅវេលាម៉ោង១៦៖៤៥នាទី។
ជនកម្ពុជាទាំង៥នាក់ ត្រូវបានសាកសួរព័ត៌មានម្តងទៀតនៅទីនោះ ពីសំណាក់បញ្ជាការកងអនុសេនាធំម្នាក់របស់វៀតណាម។ វេលាម៉ោង ១៧៖១៥នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ អ្នកទាំង៥នាក់ត្រូវបានគេដឹកក្នុងរថយន្តធុនធ្ងន់ម៉ាក GMC ពីភូមិឡាំងជីន ទៅដល់ស្រុកឡុកនិញ នៅវេលាម៉ោង១៨៖០០នាទី។
ក្រោយពីបរិភោគអាហារពេលល្ងាច ដែលមានបាយ និងបន្លែត្រកួន ហើយសមមិត្ត ហ៊ុន សែន ត្រូវគេបំបែកចេញពីអ្នករួមដំណើរទាំង៤នាក់ ដែលមកជាមួយគ្នា ហើយត្រូវបានគេសួរព័ត៌មានសារជាថ្មី ដោយសំណួរដេញដោលជាច្រើនទៀត។
នោះគឺជាពេលវេលា ដែលតានតឹងភិតភ័យជាងពេលណាទាំងអស់ សម្រាប់អ្នកទាំង៤នាក់ ដែលធ្វើដំណើរមកជាមួយ ដោយគិតថា គេអាចយកសមមិត្ត ហ៊ុន សែន ទៅសម្លាប់ ឬទៅណាមិនដឹង ប្រសិនបើមិនឃើញត្រឡប់មកវិញ។ ពួកគាត់ទាំង៤នាក់ មានអារម្មណ៍ច្រាស់ច្រាល ទោះអស់កម្លាំង ក៏ដេកមិនលក់ បក់មិនល្ហើយ និងរង់ចាំរហូតសមមិត្ត ហ៊ុន សែន ត្រឡប់មកវិញ ពេលជាងពាក់កណ្តាលអាធ្រាត្រ ឆ្លងចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧។
ដោយសារការសួរនាំដេញដោលអំពីព័ត៌មាននានតាមលំដាប់ថ្នាក់ដែលមានពីថ្នាក់ភូមិ ឃុំ រហូតដល់ស្រុកនេះ បានធ្វើឲ្យភាគីវៀតណាមឃើញច្បាស់នូវឆន្ទៈមោះមុត និងជំហរដាច់ខាតរបស់សមមិត្ត ហ៊ុន សែន ក្នុងគោលបំណងដ៏មុតស្រួច គឺឆ្ពោះទៅរកការកៀរគរកម្លាំងសម្រាប់រំដោះជាតិមាតុភូមិ ប្រជាជនពីរបបប្រល័យពូជសាសន៍។
នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន និងអ្នករួមដំណើរទាំង៤រូប បានចេញដំណើរទៅខេត្តសុងប៊ែរ តាមរថយន្តដឹកអូស។ វៀតណាមកាន់តែទទួលស្គាល់ថា សមមិត្ត ហ៊ុន សែន មានឋានៈខ្ពស់ជាថ្នាក់បញ្ជាការវរសេនាធំ ហើយមិនមែនជាក្រុមដែល ប៉ុល ពត បញ្ជូនមកវាយឆ្មក់វៀតណាមទេ។
ពីទីតាំងកោះថ្ម នារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ បានក្លាយជាទិវាមួយដ៏សំខាន់នៃរបត់ប្រវត្តិសាស្រ្តប្រទេសកម្ពុជា ជាពេលវេលា ដែលសមមិត្ត ហ៊ុន សែន បានចាប់ផ្តើមដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត...៕