(ភ្នំពេញ)៖ តាមព័ត៌មានទទួលបានពីទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ប្រទេសញូវហ្សេលែន បានសម្រេចផ្តល់ថវិកាជាជំនួយឥតសំណង ចំនួន៥,៩លានដុល្លារញូវហ្សេលែន (ប្រមាណ៣,៨លានដុល្លារអាមេរិក) ក្នុងការចូលរួមការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា រយៈពេល៦ឆ្នាំ តាមរយៈគម្រោងបោសសម្អាតមីនដេីម្បីលទ្ធផលដំណាក់កាលទី៤ ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនញូវហ្សេលែនដែលបានផ្តល់កិច្ចសហប្រតិបត្តិការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានអាជ្ញាធរមីនក្នុងការផ្តល់ដី សុវត្ថិភាពជូនប្រជាពលរដ្ឋតាមសហគមន៍ និងកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន ។
ទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់បន្ថែមទៀតថា អាជ្ញាធរមីនបានធ្វើការវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយ UNDP។
ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមសម្តេច តេជោ ប្រធានអាជ្ញាធរមីន, លោកទេសរដ្ឋមន្រ្តី ក៏បានកោតសរសើរ និងថ្លែងអំណរគុណគុណជូនចំពោះបណ្ដាប្រទេសជាមិត្ត និងដៃគូមួយចំនួន ដែលបានចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌មានជាអាទិ៍ដូចជា៖ អង់គ្លេស សហរដ្ឋអាមេរិក អាល្លឺម៉ង ន័រវែស ស្វីស អៀរឡង់ អូស្រ្ដាលី កាណាដា ចិន ជប៉ុន កូរ៉េ ខាងត្បូង អង្គការ UNDP និងអង្គការ UNICEF ផងដែរ ៕