(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ដែលជាស្ថាប័នមួយ ត្រូវបង្កើតឡើងស្របតាមគោលការណ៍អន្តរជាតិ ដើម្បីជួយធ្វើការផ្នែកសិទ្ធិមនុស្ស។ នេះបើតាមលោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

លោក ជិន ម៉ាលីន បានថ្លែងបែបនេះ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ចប់ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានពីលទ្ធផលនៃជំនួបនេះ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស បានឲ្យដឹងថា លោក កែវ រ៉េមី បានប្រាប់ទៅឯកអគ្គរាជទូតអូស្ត្រាលី ពីដំណើរការរៀបចំសេចក្តីព្រាងច្បាប់ ដើម្បីបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ដែលកំពុងតែមានការវិវត្តន៍ទៅមុខជាវិជ្ជមាន បានន័យថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រៀបចំសព្វគ្រប់អស់ហើយ។

លោកថ្លែងថា សម្រាប់សេចក្តីព្រាងច្បាប់នេះ នៅឡើយតែយកទៅដាក់ក្នុងសិក្ខាសាលា ដើម្បីពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មុននឹងដាក់ជូនគណៈរដ្ឋមន្ត្រីអនុម័ត និងបញ្ជូនទៅរដ្ឋសភា និងព្រឹទ្ធសភាឲ្យសម្រេច តាមនីតិវិធីបង្កើតច្បាប់។

ជុំវិញសកម្មភាពនេះ លោកឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានស្វាគមន៍ និងគាំទ្រយ៉ាងរីករាយចំពោះគម្រោងបង្កើតស្ថាប័ននេះ ហើយសន្យាថា នឹងជួយតាមលទ្ធភាពដែលខ្លួនមាន ព្រោះថាលោកក៏មានបទពិសោធន៍ច្រើន ក្នុងការបង្កើតស្ថាប័នបែបនេះដែរ។ លោកបង្ហើបថា អូស្ត្រាលីនឹងជួយចូលរួមសិក្សាជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថាតើខ្លួនអាចជួយអ្វីបានខ្លះក្នុងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។

បើតាមលោក ជិន ម៉ាលីន, នៅលើពិភពលោកនេះ មានប្រទេសខ្លះបានបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិរួចហើយ ឯប្រទេសផ្សេងទៀត ក៏មិនទាន់បានបង្កើតដូចកម្ពុជាដែរ។ សម្រាប់កម្ពុជាវិញ គណៈកម្មាធិការសិទ្ធមនុស្សនឹងប្រឹងប្រែងធ្វើយ៉ាងណា ឲ្យការបង្កើតស្ថាប័នមួយនេះរួចរាល់ នៅក្នុងអាណត្តិទី៦នេះ។

លោកគូសបញ្ជាក់ថា ស្ថាប័នសិទ្ធិមនុស្សជាតិ មានលក្ខណៈខុសគ្នានឹងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាត្រង់ថា ស្ថាប័ននេះមិនមែនជាសេនាធិការ របស់រាជរដ្ឋាភិបាលឡើយ ហើយស្ថាប័នសិទ្ធិមនុស្សជាតិ មានតួនាទីជួយសម្រួលដល់រាជរដ្ឋាភិបាល ក្នុងការជំរុញផ្សព្វផ្សាយ និងលើកស្ទួយសិទ្ធិមនុស្ស ប្រៀបដូចជាសង្គមស៉ីវិលមួយដែរ។ លោកនៅមិនទាន់ដឹងឡើងថា ពេលបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិរួចហើយនោះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងត្រូវរំលាយចោល ឬយ៉ាងណានោះទេ ប៉ុន្តែលោកគ្រាន់តែដឹងថា នៅប្រទេសផ្សេងទៀត មានទាំងស្ថាប័នសិទ្ធមនុស្ស ដែលជាសេនាធិការឲ្យរដ្ឋាភិបាល និងស្ថាប័នសិទ្ធិមនុស្ស ដែលមិនមែនជាសេនាធិការរបស់រដ្ឋាភិបាល។

លោក ជិន ម៉ាលីន បានប្រាប់ទៀតថា ក្នុងជំនួបនេះ ភាគីទាំងពីរបង្ហាញទស្សនៈយល់ឃើញរៀងៗខ្លួន ពាក់ព័ន្ធស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងតំបន់ និងអន្តរជាតិ។

ក្រោយពីការឆ្លើយតប និងបកស្រាយរបស់លោក កែវ រ៉េមី, ឯកអគ្គរាជទូតបានឯកភាពថា រឿងសិទ្ធិមនុស្សនេះ មានបញ្ហានៅគ្រប់ប្រទេសសូម្បីតែអូស្រ្តាលី ហើយគ្មានប្រទេសណាល្អឥតខ្ចោះនោះទេ ហើយលោកកោតសរសើកម្ពុជា លើការរីកចម្រើនផ្នែកសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរស់រៀនមានជីវិត ដោយកម្ពុជាគ្មានទោសប្រហាជីវិត សិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ ជនជាតិដើមភាគតិច ការរើសអើងពូជសាសន៍ និងអ្នកស្រឡាញ់ភេទដូចគ្នាជាដើម៕