(ភ្នំពេញ)៖ ក្រុមមន្រ្តី និងអ្នកជំនាញសេដ្ឋកិច្ច បានផ្តល់អនុសាសន៍ក្នុងវេទិកាតុមូលដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជាថា កម្ពុជាត្រូវតែជំរុញសកម្មភាពទីផ្សារក្នុងស្រុកឱ្យបានខ្លាំងក្លា ដើម្បីរក្សាលំនឹងសេដ្ឋកិច្ច ក្នុងគ្រាដែលជំងឺកូវីដ១៩ បន្តអូសអន្លាយមិនរលាយសាបសូន្យ ក្នុងរយៈពេលខ្លី។

ថ្លែងក្នុងវេទិកាតុមូល នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យឆ្លាស់វេន នៃក្រសួងពាណិជ្ជកម្ម បានលើកឡើងដែរថា «ជាយុទ្ធសាស្រ្តសម្រាប់កម្ពុជា គឺធ្វើយ៉ាងណានៅពេលនេះ រក្សាទីផ្សារក្នុងស្រុកឱ្យមានគុណភាព រក្សាផលិតផលឱ្យមានគុណភាព សម្រាប់ផ្គត់ផ្គង់ និងរក្សាទំនុកចិត្តរបស់អ្នកប្រើប្រាស់ ដើម្បីឱ្យមានទំនិញប្រើប្រាស់ល្អ»។ លោកបានបន្តថា បន្ថែមពីនេះ កម្ពុជាក៏ត្រូវជំរុញលើកទឹកចិត្តឱ្យមានគុណភាពនូវផលិតផល សម្រាប់នាំចេញផងដែរ។

ដោយឡែក លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិតសភាកម្ពុជា និងជាអ្នកជំនាញសេដ្ឋកិច្ចមួយរូប បានលើកឡើងថា ចាប់តាំងពីមានជំងឺកូវីដ១៩ ការនាំចេញរបស់កម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទៀតនៅលើពិភពលោក បានថយចុះយ៉ាងខ្លាំង ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច។ ដូច្នេះដើម្បីរក្សាលំនឹងសេដ្ឋកិច្ចក្នុងស្ថានភាពនេះ កម្ពុជាត្រូវតែជំរុញសកម្មភាពទីផ្សារក្នុងស្រុកឱ្យបានកាន់តែខ្លាំងឡើង។

លោកបណ្ឌិតបានលើកឡើងយ៉ាងដូច្នេះថា៖ «ហិរញ្ញវត្ថុដែលហូរចូលគឺបានបាត់បង់ហើយ ដូច្នេះការជំរុញឱ្យចរន្តសេដ្ឋកិច្ចដើរឡើងវិញគឺការប្រើប្រាស់នៅក្នុងស្រុក»។ លោកបន្តថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មិនបានរាលដាលក្នុងសហគមន៍ខ្លាំងនោះទេ។ ការទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមច្រកសំខាន់គឺធ្វើបានយ៉ាងល្អប្រសើរ។ដូច្នេះការជំរុញការប្រើប្រាស់នៅក្នុងស្រុកឱ្យបានល្អ គឺនឹងជួយសេដ្ឋកិច្ចកម្ពុជា មិនឱ្យធ្លាក់ចុះខ្លាំងនោះទេ»

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យឆ្លាស់វេន នៃក្រសួងពាណិជ្ជកម្ម នៅក្រោយស្ថានភាពកូវីដ១៩ កម្ពុជានៅតែអាចនាំចេញបានជាធម្មតា។ លោកលើកឡើងថា កម្ពុជាមិនមានការព្រួយបារម្ភអំពី EBA ដូចការរីករាលដាលជំងឺកូវីដ១៩នោះទេ ព្រោះការរីករាលដាលនេះ បានធ្វើឱ្យទីផ្សារប្រទេសផ្សេងៗបិទ។

លោកបន្តទៀតថា៖ «វិធានការរបស់យើង គឺក្រោយពេលធូរស្បើយ យើងអាចរក្សាទីផ្សារចាស់ ពីព្រោះថ្មីៗនេះក៏មានការត្រឡប់មកចាប់មកអារម្មណ៍ជជែកជាមួយយើងដែរនូវអ្នកបញ្ជាទិញធំៗ ដូចជា Addidas ក្រុមហ៊ុន H & M ជាដើម ដែលទើបបានជួបជាមួយឯកឧត្តម រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម គឺថាគាត់បានពិចារណាក្នុងការទិញ និងរក្សាទំនាក់ទំនងកាន់តែល្អប្រសើរ ជាមួយកម្ពុជាដែលជាប្រភពផលិតសម្រាប់ការនាំចេញរបស់ខ្លួន»។ លោកបន្ត មិនមែនក្រុមហ៊ុនបញ្ជាទិញទាំងពីរនេះទេ គឺមានក្រុមហ៊ុនមួយចំនួនទៀត បានជជែកជាមួយកម្ពុជា។

នៅក្នុងវេទិកានេះដែរ លោកបណ្ឌិត សុខ ទូច បានជំរុញឱ្យស្ថានទូតកម្ពុជា នៅក្រៅប្រទេស ត្រូវចេះជំរុញផ្សព្វផ្សាយផលិតផលខ្មែរ ដោយបង្កើតវេទិកា ឬកម្មវិធីផ្សព្វផ្សាយផលិតផលខ្មែរ ឱ្យបរទេសសាករបស់ខ្មែរ៕