(កូរ៉េខាងត្បូង)៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង និងសហការី នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាអង្ករ ម៉ាស ទឹកលាងដៃភេសជ្ជៈ ភួយ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗ ជូនពលករដែលកំពុងស្នាក់នៅ Shelter របស់ស្ថានទូតរួមគ្នាជាមួយក្រសួងការងារកម្ពុជា ជួលដើម្បីផ្ដល់ជាកន្លែងស្នាក់ នៅបណ្តោះអាសន្នដល់ពលករប្ដូរការងារ អត់ការងារធ្វើដោយសារក្រុមហ៊ុនកាត់បុគ្គលិក ឬក្ស័យធន អំឡុងពេលនៃវិបត្តិសាកលកូវីដ-១៩ចំនួន១៥នាក់។

ផ្ទះស្នាក់នៅជាយក្រុងប៊ូសាននេះ ក៏នឹងក្លាយជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសា និងកុំព្យួទ័រ ដល់ពលករកម្ពុជា ក៏ដូចជាសហគមន៍ខ្មែរ និងកូនតូចៗ ក្នុងតំបន់នេះផងដែរ ក្រោមកិច្ចសហការរវាងស្ថានទូតកម្ពុជា និងព្រះវិហារគ្រឹសាសនាផងដែរ៕