(ព្រៃវែង)៖ អភិបាលខេត្តព្រៃវែង លោក ជា សុមេធី បានចេញសេចក្តីសម្រេចមួយប្រគល់ភារកិច្ចជូនលោក ភុន សម្ពស្ស អភិបាលរងស្រុកពាមរក៍ ជាអភិបាលស្តីទី ជំនួសលោក ជុំ សាមឿន អតីតអភិបាលដែលត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារ រឿងបើករថយន្តបុកមនុស្សស្លាប់។ នេះបើយោងតាមសេចក្តីសម្រេចរបស់អភិបាលខេត្តព្រៃវែង ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ពោលក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍មួយថ្ងៃ ដែលត្រូវបានអង្គភាព Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី១៩ ខែមករា នេះ ។
ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ ស្រេង ជា បានប្រាប់ថា លោកអតីតអភិបាលស្រុកពាមរក៍ ជុំ សាមឿន ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារហើយ កាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីបើករថយន្តបុកអ្នកជិះម៉ូតូម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
សូមបញ្ជាក់ថា អភិបាលស្រុករូបនេះ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗ យកទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ក្រោយបើករថយន្តបុកអ្នកជិះម៉ូតូម្នាក់ស្លាប់ភ្លាមៗ កាលពីល្ងាច ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ កន្លងទៅ។
បើតាមលោកស្នងការខេត្តព្រៃវែង មុនពេលកើតហេតុ លោក ជុំ សាមឿន បានបើករថយន្តម៉ាក Lexus RX-300 ពាក់ស្លាកលេខ 2Q-5048 ពីត្បូងទៅជើង ពេលនោះជនរងគ្រោះ ជាអ្នករត់ម៉ូតូឌុប បើកម៉ូតូមកពីមុខ ក៏បុកពេញមួយទំហឹង បណ្តាលឲ្យដួលស្លាប់ភ្លាមៗតែម្តង ។ រថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក រង់ចាំការដោះស្រាយ ខណ:សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សម្រាប់ករណីនេះ ក្រោយកើតហេតុភ្លាមគេសង្កេតឃើញ អភិបាលខេត្តព្រៃវែង លោក ជា សុមេធី បានចុះទៅជួយអន្តរាគមន៍ និងបញ្ជាឲ្យចាប់ខ្លួនអភិបាលស្រុក យកទៅចាត់ការតាមផ្លូវច្បាប់ ហើយជួយឧបត្ថម្ភដល់ក្រុមគ្រួសារសពទៀតផង ៕