(កំពង់ចាម)៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាក្រលំបាក៨០គ្រួសារ ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលកំពុងត្រូវការជំនួយជាចាំបាច់នោះ លោកឧត្តមសេនីយ៍ទោ ហេង រតនា អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន នៃក្រសួងមហាផ្ទៃ និងក្រុមកឋិនសាមគ្គី ដែលមានបេះដូងមនុស្សធម៌ តែងតែចុះជួយជនងាយរងគ្រោះក្រីក្រលំបាក បាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូន នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ ព្រមទាំងចែកជូនក្រណាត់ស និងថវិកាតាជីយាយជី១១០នាក់ផងដែរ។

ក្នុងការចែកអំណោយ ចែកទានទទួលផលបុណ្យផ្តើមចេញពីសទ្ធាជ្រះថ្លានោះ មានការចូលរួមពីលោកអភិបាលស្រុកកំពង់សៀម រួមជាមួយព្រះចៅអធិការវត្តកោះរការ ក្នុងស្រុកកំពង់សៀម និងក្រុមការងារនៃក្រុមកឋិនសាមគ្គី។

លោកឧត្តមសេនីយ៍ទោ ហេង រតនា បានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងពីការខ្វះខាតរបស់បងប្អូនពូមីង លោកតាលោកយាយមានជីវភាពក្រលំបាកពិតប្រាកដ គ្មានទីពឹងទើបនាថ្ងៃនេះលោក និងក្រុមការងារ រួមទាំងព្រះចៅអធិការវត្តកោះរការ បាននាំយកនូវសម្ភារថវិកាមួយចំនួន មកចែកផ្តល់ជូនដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។

ក្នងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង រតនា បានធ្វើការសំណេះសំណាល និងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំពោះបងប្អូនទាំង៨០គ្រួសារ ដោយក្តីនឹករលឹក និងអាណិតអាសូរជាពន់ពេក។

លោក ហេង រតនា ក៏បានផ្តាំផ្ញើបន្ថែមទៀត ដល់បងប្អូនពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះការបម្រែបម្រួលអាកាសធាតុ ត្រូវថែរក្សាសុខភាពខ្លួន ខិតខំប្រកបរបរបន្ថែមទៀត ដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃ ពិសេសរក្សាអនាម័យជាប់ជានិច្ច រក្សាគម្លាតពីគ្នា ដើម្បីរួមគ្នាបង្ការទប់ស្កាត់ រលកទី២ នៃជំងឺកូវីដ១៩នៅកម្ពុជា។

ជាការឆ្លើយតប ប្រជាពលរដ្ឋជាជនងាយរងគ្រោះទាំង៨០គ្រួសារ បានលើកម្រាមដៃដប់អរគុណសម្តេចទាំងទ្វេ និងលោកឧត្តមសេនីយទោ ហេង រតនា ពោរពេញដោយស្នាមញញឹម និងក្តីសង្ឃឹមដោយចិត្តរំភើបរីករាយ រកអ្វីនឹងនិយាយមិនបានឡើយ បន្ទាប់ពីទទួលជំនួយមួយចំនួនធំនេះ។

គួរឲ្យដឹងដែរថា លោកឧត្តមសេនីយ៍ទោ ហេង រតនា និងក្រុមការងារ ជារៀងរាល់ឆ្នាំនាថ្ងៃនេះ តែងតែចែកអំណោយជូនជនងាយរងគ្រោះប្រមាណ៨០គ្រួសាររៀងរាល់ឆ្នាំ ក៏ដូចជាតែងតែចុះចែកអំណោយជាបន្តបន្ទាប់ តាមទីដាច់ស្រយាល ក្នុងបណ្តាខេត្តនានា ជូនពលរដ្ឋក្រីក្រ កុមារកំព្រា ចាស់ជរាគ្មានទីពឹង ដល់ខ្នងផ្ទះ ដើម្បីការងារមនុស្សធម៌ ក៍ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលជីវភាពពួកគាត់ កាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋាន។

ចំពោះអំណោយដែលនាំយកទៅចែក ជូនជនងាយរងគ្រោះទាំង៨០គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី០១យួរ, ទឹកស៊ីអ៉ីវ០១យួរ, សារ៉ុង១, ក្រម៉ា១ និងថវិកា៥ម៉ឺនរៀល ព្រមទាំងចែកជូនតាជីយាយជី១១០នាក់ ក្នុងម្នាក់ក្រណាត់ស១ដុំ សៀវភៅធម៌២ក្បាល ទៀន ធូប និងថវិការ២ម៉ឺនផងដែរ៕