(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានស្នើដល់អាជ្ញាធរ និងភាគីពាក់ព័ន្ធឱ្យបញ្ឈប់ការលុបបឹងតទៅទៀត ហើយត្រូវកែច្នៃបឹងដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា ឱ្យទៅជាផលិតផលទេសចរណ៍ ប្រកបដោយភាពទាក់ទាញ។
ការលើកឡើងរបស់ លោកបណ្ឌិត សុខ ទូច បានធ្វើឡើងនៅក្នុងវេទិកាតុមូលដែលរៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ដើម្បីពិភាក្សាពីការរៀបចំខ្លួនរបស់កម្ពុជា ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយពេលបញ្ចប់ការរីករាតត្បាតជំងឺកូវីដ១៩។
លោក សុខ ទូច បានថ្លែងយ៉ាងដូច្នេះថា៖ «ឈប់លុបបឹងទៅ ប្រទេសកូរ៉េមានផ្ទៃដីតូចជាងខ្មែរ ប្រជាជនដល់ទៅ៥២លាននាក់ គេអត់ទាន់មានលុបបឹងទេ ខ្ញុំជិះកាត់ទំនប់កប់ស្រូវ ឃើញចេះតែចាក់ដី តើយើងអាចទុកបឹងសម្រាប់កែច្នៃវិស័យទេសចរណ៍បានទេ ខ្ញុំដឹងថានិយាយទៅប៉ះ ប៉ុន្តែត្រូវចេះទទួលយកការឈឺចាប់ ត្រូវតែទទួលយក បើមិនទទួលហើយបន្តលុបបឹងតទៅទៀត ពេលភ្លៀងឡើងនឹងលិចភ្នំពេញ»។
លោកបណ្ឌិត ស្នើឱ្យកម្ពុជាក្រលែកមើលគំរូប្រទេសថៃ ដែលមុននឹងបញ្ចូលកាកសំណល់ទៅក្នុងទន្លេ គេត្រូវស្តុកឱ្យកកសិន ៣ ទៅ៤ ដំណាក់កាលទើបគេសម្រេចបញ្ចូលទៅក្នុងទន្លេ។ លោកបញ្ជាក់ថា «យើងក៏អញ្ចឹងដែរ យើងត្រូវតែហ៊ានកែសង្គមរបស់យើង។ ខ្ញុំរស់នៅមិនបានយូរ ហើយអ្នកក៏រស់នៅមិនបានយូរដែរ ប៉ុន្តែអ្នកដែលនៅបានយូរគឺកូនរបស់យើង»៕