(មណ្ឌលគិរី)៖ អំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការ និងស្រ្តីមេម៉ាយ សរុបចំនួន១០១គ្រួសារ ស្ថិតនៅឃុំស្រែសង្គម ស្រុកកោះញែក នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។

លោក ស្វាយ សំអ៊ាង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរ ពីសុខមាលភាពរស់នៅ របស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុល ជំនឿសាសនា ឫនិន្នាការនយោបាយ ណាមួយឡើយ។

លោកអភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនណាម្នាក់ចោល ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែង ប្រជាពលរដ្ឋងាយរងគ្រោះនាពេលនេះ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ដើម្បីជួយសម្រាកនូវទុក្ខលំបាកបានមួយរយៈផងដែរ»។

លោកអភិបាលខេត្ត បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរៀបចំអនាម័យលំនៅដ្ឋានឲ្យបានស្អាត និងថែទាំសុខភាពឲ្យបានល្អ តាមរយៈរស់នៅស្អាត ហូបស្អាត និងផឹកស្អាត និងត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ ហើយក៏ត្រូវចេះចិញ្ចឹមសត្វ និងដាំដំណាំបន្លែចម្រុះផ្សេងៗ ដើម្បីធ្វើឱ្យជីវភាពកាន់តែល្អប្រសើរឡើង។

សូមជម្រាបថា អំណោយមនុស្សធម៌ដែលផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន១០១គ្រួសារ នាពេលនេះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម ត្រីខ១យួរ ឃីត១កញ្ចប់ និងសម្ភារការពារជំងឺកូវីដ១៩។

បន្ទាប់មក លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា រួមទាំងសមាជិក សមាជិកា អនុសាខាស្រុក បាននាំយគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៦០ម៉ឺនរៀល ប្រគេនជូនដល់ព្រះសង្ឃគង់នៅវត្តគិរីរម្យ ហៅវត្តទី៤ ក្នុងឃុំស្រែសង្គម ស្រុកកោះញែក៕