Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកសារព័ត៌មានកម្ពុជា និងអ្នកយកព័ត៌មានជុំវិញពិភពលោក ធ្វើទស្សនកិច្ចសិក្សា ពីគម្រោងអភិវឌ្ឍន៍ Doi Tung នៅប្រទេសថៃ

19-01-2016 12:02

(ឈៀងរៃ)៖ ក្រុមអ្នកសារព័ត៌មានជុំវិញពិភពលោក ជាពិសេសគឺបណ្តាលប្រទេសអាស៊ាន ដែលក្នុងនោះរួមមាន អ្នកកាសែតមកពីឡាវ ភូមា ម៉ាឡេស៊ី វៀតណាម កម្ពុជា ចិន រុស្ស៊ី កូរ៉េខាងត្បូង និងតៃវ៉ាន់ ត្រូវបានអញ្ជើញ ចូលរួមទស្សនកិច្ច សិក្សាគម្រោងអភិវឌ្ឍន៍ Doi Tung។

អ្នកសារព័ត៌មានឯករាជ្យរបស់កម្ពុជា កញ្ញា អ៊ូ បាណុង បានឲ្យដឹងថា កញ្ញាពិតជាទទួលបានបទពិសោធន៍ ជាច្រើនពីដំណើរទស្សនកិច្ចសិក្សានេះណាស់ ។ ជាពិសេស គឺទាក់ទិនទៅលំហូរ នៃសេដ្ឋកិច្ចរបស់ប្រទេសថៃ គ្រោងការអនុវត្តសេដ្ឋកិច្ចថៃ ដែលបង្ហាញដោយលោកបណ្ឌិត Porametee Vimolsiri រដ្ឋលេខាធិការនៃការិយាល័យក្រុមប្រឹក្សាសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គម (NESDB)។ ជាស្តែង ទស្សនកិច្ច ទៅការដ្ឋានសាងសង់ ផ្លូវ រថភ្លើងក្រោមដី កាត់ទន្លេចាប្រាយ៉ា និងគម្រោងអភិវឌ្ឍន៍ Doi Tungនៅខេត្តឈៀងរ៉ៃ។

កញ្ញា បាណុង បានបញ្ជាក់ថា «សម្រាប់ខ្ញុំ វាពិតជាបទពិសោធន៍ដ៏ច្រើន និងសម្បូរណ៍បែបណាស់ ចំពោះទស្សនកិច្ចប៉ុន្មានថ្ងៃនោះ។ រាល់បទបង្ហាញពីអ្នកជំនាញសេដ្ឋកិច្ចរបស់ថៃ ពិតជាលម្អិត ដោយសិក្សាបានច្បាស់ ទាំងពីពេលវេលា និងខ្ទង់ចំនាយ។ ជាក់ស្តែងគម្រោងអភិវឌ្ឍន៍ Doi Tung បានផ្តល់ការងារដល់ប្រជាជនក្នុងតំបន់ ដែលវាមិនត្រឹមតែជាការងារ តែជាការងារដ៏មានតម្លៃ ព្រោះប្រជាជនទីនោះ ត្រូវបានផ្តល់ឲ្យមានការរស់នៅសមរម្យ និងមានបានបណ្តុះជំនាញវិជ្ជាជីវៈ ដូចជាប្រុសៗធ្វើចំការ ដាំកាហ្វេ ឯនារីៗ ធ្វើដម្បាញ និងសិប្បកម្មផ្សេងៗ ជាដើម»
 
គួរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍ Doi Tung គឺគម្រោងសហគ្រាសសង្គមមួយ ដែលទទួលបានជោគជ័យ និងល្បីរន្ទឺនៅក្នុងប្រទេសថៃ ក៏ដូចជាប្រទេសមួយចំនួនក្នុងពិភពលោក។ តាំងពីឆ្នាំ២០០៣ គម្រោងអភិវឌ្ឍន៍ Doi Tung ត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ការិយាល័យឧក្រិដ្ឋកម្ម និងគ្រឿងញៀន (UNODC) ថា ជាឧទាហរណ៍ពិភពលោកដ៏ល្អបំផុត ក្នុងការបង្កើតគម្រោងអភិវឌ្ឍន៍។

Doi Tung ចាប់ផ្តើមឡើងនៅឆ្នាំ១៩៨៧ គឺធ្វើចេញពីទឹកដីតំបន់ត្រីកោណមាសក្នុងខេត្ត ឈៀងរៃ ដែលធ្លាប់មានឈ្មោះល្បីក្នុងការដាំ និងចែកចាយអាភៀន ក្នុងទស្សវត្សរ៍ឆ្នាំ៩០ ដែលព្រះមាតារបស់ព្រះមហាក្សត្រថៃ ជាអ្នកចាប់ផ្តើមគំនិតដោយផ្ទាល់ព្រះអង្គ ដោយពេលនោះទ្រង់មានព្រះជន្ន៨០ ព្រះវស្សា។

លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាផ្នែកសារព័ត៌មាន និងជាអ្នកកាសែតជើងចាស់មួយរូប បានឲ្យដឹងថា បច្ចុប្បន្នអ្នកកាសែតកម្ពុជា ភាគច្រើនកំពុងតែ អនុវត្តវិជ្ជាជីវៈរបស់ខ្លួន ទៅតាមស្តង់ដានៃសារព័ត៌មានអន្តរជាតិ។ ដូច្នេះនៅពេលដែលអ្នកសារព័ត៌មានកម្ពុជា ទទួលបានឱកាសទស្សនកិច្ចសិក្សាក្រៅប្រទេសនេះ គឺរឹតតែប្រសើរ។ ហើយលោកសង្ឃឹមថា ពួកគេ (អ្នកសារព័ត៌មាន) នឹងចូលរួមចែករំលែកចំនេះដឹង ដែលខ្លួនបានរៀនទាំងនោះ មកកាន់មិត្តភក្រ្តរួមអាជីព ដើម្បីអភិវឌ្ឍន៍វិស័យសារព័ត៌មានរបស់កម្ពុជា។

អ្នកសារព័ត៌មានមួយរូបផ្សេងទៀត មកពីប្រទេសម៉ាឡេស៊ី កញ្ញា ហ្គេន ផៃលីង បានឲ្យដឹងថា កញ្ញាចូលចិត្តដំណើរទស្សនកិច្ចសិក្សានេះណាស់ ព្រោះគម្រោងអភិវឌ្ឍន៍ Doi Tung បានផ្តល់ជាមេរៀន និងបទពិសោធន៍វិជ្ជមានជាច្រើន សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកបដោយជេរភាព។

កញ្ញា ផៃលីង បានបន្ថែមជាចុងក្រោយដែរថា «ខ្ញុំពិតជាកោតសរសើរនឹងគំនិតច្នៃប្រឌិត និងការលះបង់របស់ រដ្ឋាភិបាលថៃលើគម្រោងនេះណាស់ ដោយគេមិនត្រឹមតែបង្កើតការងារ ឲ្យប្រជាជនគេនោះទេ តែថែមទាំងបង្កើត ទីផ្សារដល់ពួកគាត់ទៀតផង។ ខ្ញុំក៏សង្ឃឹមថា រដ្ឋាភិបាលម៉ាឡេស៊ី នឹងយកគំរូជោគជ័យ របស់ប្រទេសជិតខាង ដូចគម្រោង Doi Tungនេះជាដើម ធ្វើជាគំរូ… »