(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំ និងការរួមចំណែករបស់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ នៅទូទាំងសកលលោក។
ការវាយតម្លៃរបស់ប្រមុខការទូតកម្ពុជា បានធ្វើឡើង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសដែលលោកចូលរួមកិច្ចប្រជុំជាន់ខ្ពស់ក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបតិ្តការអន្តរជាតិនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ស្តីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយសាមគ្គីភាព តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ត្រូវបានផ្តួចផ្តើមឡើងដោយ សាធារណរដ្ឋប្រជាមានិតចិន និងបានដឹកនាំដោយ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន និងចូលរួមដោយរដ្ឋមន្រ្តីមកពី ២៦ប្រទេស ជាដៃគូនៃកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមិថុនានេះ បានឲ្យដឹងទៀតថា លោក ប្រាក់ សុខុន ក៏បានចូលរួមជាមួយថ្នាក់ដឹកនាំដទៃទៀត សម្តែងការកោតសរសើរដល់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការរៀបចំកិច្ចប្រជុំដ៏សំខាន់នេះឡើង ដែលនឹងបង្កើតឱ្យមានការប្តេជ្ញាចិត្តជាអន្ដរជាតិ ដើម្បីជម្នះលើការរីករាលដាលនៃជំងឺរាតត្បាតនេះនាពេលបច្ចុប្បន្ន និងលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ក្រោយជំងឺកូវីដ-១៩។ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះដែរ លោកបានជម្រាបជូនអង្គប្រជុំពីយុទ្ធនាការដ៏ជោគជ័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការចូលរួមចំណែករបស់កម្ពុជា នៅក្នុងកិច្ចប្រឹងប្រែងសកល។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងទៀតថា អង្គប្រជុំបានទទួលស្គាល់នូវភាពចាំបាច់តម្រូវឲ្យមានសាមគ្គីភាពអន្តរជាតិ កិច្ចសហប្រតិបត្តិការពហុភាគី និងការគាំទ្រគ្នាទៅវិញទៅមកកាន់តែរឹងមាំជាងមុន ដើម្បីដោះស្រាយជំងឺរាតត្បាតសកល និងផលប៉ះពាល់សេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងររបស់វានៅទូទាំងពិភពលោក ឲ្យកាន់តែមានប្រសិទ្ធភាព ដោយគ្មានការរើសអើង ភាពលំអៀង ការប្រកាន់ពូជសាសន៍ និងភាពស្អប់ខ្ពើមឡើយ។ អង្គប្រជុំបានចូលរួមរំលែកទុក្ខដោយសុទ្ធចិត្ត ចំពោះមនុស្សជាច្រើន ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ និងបានអំណរគុណដល់អ្នកដែលបានធ្វើពលីកម្មក្នុងការដោះស្រាយបញ្ហាជំងឺរាតត្បាតសកល។
បន្ថែមលើនេះ អង្គប្រជុំបានទទួលស្គាល់តួនាទីស្នូលរបស់ប្រព័ន្ធអង្គការសហប្រជាជាតិក្នុងការជំរុញ និងសម្របសម្រួលការឆ្លើយតបជាសកល ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស តួនាទីដឹកនាំដ៏សំខាន់របស់អង្គការសុខភាពពិភពលោក។
ទន្ទឹមនឹងនេះទៀត អង្គប្រជុំបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិបន្ថែមទៀត ដោយស្របទៅតាមស្មារតី និងគោលការណ៍នានា ដែលមានចែងនៅក្នុងកិច្ចប្រជុំតុមូលថ្នាក់ដឹកនាំលើកទី២ ស្តីពីវេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការស្វែងរកការអភិវឌ្ឍដែលមានបទដ្ឋានខ្ពស់ ផ្តោតទៅលើប្រជាជន និងប្រកបដោយចីរភាព។ ដើម្បីកសាងវិថីសូត្រសុខភាព អង្គប្រជុំបានគូសបញ្ជាក់ពីសារសំខាន់នៃការចែករំលែកព័ត៌មាន និងឧត្តម្មានុវត្តន៍ទាន់ពេលវេលា និងការធ្វើឲ្យប្រសើរឡើងនូវការទទួលបានផលិតផលសុខាភិបាលប្រកបដោយសមធម៌ និងតំលៃសមរម្យ រួមទាំងវ៉ាក់សាំងការពារដែលគួរតែត្រូវបានទទួលស្គាល់ថា ជាទំនិញសាធារណៈសកល។
ជាមួយគ្នានេះ អង្គប្រជុំក៏បានពិភាក្សាពីវិធីសាស្រ្ត និងមធ្យោបាយ ដើម្បីជំរុញការតភ្ជាប់ និងលើកកម្ពស់ការស្តារសេដ្ឋកិច្ចឡើងវិញ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវផងដែរ។
លើសពីនេះទៅទៀត អង្គប្រជុំបានអនុម័តសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំជាន់ខ្ពស់ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការ អន្តរជាតិនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ស្តីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយសាមគ្គីភាព ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីរួមនៃសាមគ្គីភាពរបស់អ្នកចូលរួមប្រជុំទាំងអស់ និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចសហប្រតិបត្តិការពហុភាគី ជាពិសេសក្រោមក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ លើកកម្ពស់ការស្តារសេដ្ឋកិច្ចសង្គម និងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការកសាងសហគមន៍នៃអនាគតរួម៕