(កំពង់ចាម)៖ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកំពង់ចាម (ក.ប.ប) បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យទំនិញ និងផ្សព្វផ្សាយអំពីគុណភាព សុវត្តិភាពចំណីអាហារ នៅផ្សារព្រៃទទឹង និងឃ្លាំងទំនិញធំៗចំនួន៦ឃ្លាំង ស្ថិតនៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាប ការក្លែងបន្លំខេត្តកំពង់ចាម បានថ្លែងថា ការចុះត្រួតពិនិត្យផលិតផលទំនិញដាក់ តាំងលក់នេះ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមី ហាមឃាត់នៅផ្សារចំការលើ ដោយបានធ្វើតេស្តបឋមលើមុខទំនិញមួយចំនួន។

លោកបានណែនាំដល់អាជីវករលក់ដូរនៅតាមផ្សារទូទៅទាំងអស់ រាល់ការលក់ទំនិញ គ្រឿងឧបភោគបរិភោគ ហូបចុកប្រចាំថ្ងៃ សូមកុំលួចដាក់សាធាតុគីមី ព្រោះវានាំឲ្យខូចសុខភាពយើងទាំងអស់គ្នា ហើយមន្រ្តីជំនាញបានធ្វើការផ្សព្វផ្សារអប់រំសុខភាពដល់អាជីវករ និងអំពាវនាវតាមរយៈការបិទស្ទិកឃើ នៅនឹងកន្លែងលក់ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតផងដែរ៕

លោកបានថ្លែងថា ក្រោយពេលត្រួតពិនិត្យយើង ពុំឃើញមានទំនិញខូចគុណភាពឡើយ៕