(ភ្នំពេញ)៖ លោក ម៉ៅ ស៊ីណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ថៅកែក្រុមហ៊ុននាំចេញនាំចូលម្នាក់ ពាក់ព័ន្ធបទល្មើសចេញសែកគ្មានសាច់ប្រាក់។

ស្ត្រីជនជាប់ចោទមានឈ្មោះ ភោគ ផានុ មានតួនាទីជាប្រធានក្រុមហ៊ុន ZHONG WEI GUO JI Trading Import and Export Co.,LTD ត្រូវតុលាការសម្រេចឃុំខ្លួនកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ក្រោមបទចោទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ យោងតាមមាត្រា ២៣១ នៃច្បាប់ស្ដីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ បានបញ្ជាក់ថា ខ្លួន និងជនត្រូវចោទ បានទំនាក់ទំនងគ្នាក្នុងការរកស៊ី ដោយក្រុមហ៊ុនរបស់ជនរងគ្រោះ ជាអ្នកផ្ដល់សេវាកម្មទទួលដឹកជញ្ជូនទំនិញ ពីប្រទេសចិន ចូលមកប្រទេសកម្ពុជា។ ជនរងគ្រោះ បានដឹកជញ្ជូនទំនិញរបស់លោកស្រី ភោគ ផានុ ជាច្រើនលើកច្រើនសារ និងបានធ្វើការទូទាត់ជាធម្មតាទៅតាមការព្រមព្រៀងគ្នា។

លុះចាប់ពីខែមិថុនា រហូតដល់ខែកញ្ញា ឆ្នាំ២០១៩ ក្រុមហ៊ុនរបស់ជនរងគ្រោះ បានទទួលដឹកជញ្ជូនទំនិញឲ្យក្រុមហ៊ុនរបស់លោកស្រី ភោគ ផានុ ជាធម្មតាតែខាងក្រុមហ៊ុនលោកស្រី ភោគ ផានុ មិនបានធ្វើការទូទាត់លើប្រាក់ដែលជាថ្លៃដឹកជញ្ជូនឲ្យតាមការសន្យាទេ ហើយចេះតែគេចវេសមិនព្រមធ្វើការទូទាត់ថ្លៃដឹកជញ្ជូនទាល់តែសោះ។

លុះដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះ និងលោកស្រី ភោគ ផានុ បានជួបជជែកពិភាក្សាដើម្បីធ្វើការដោះស្រាយវិវាទពាក់ព័ន្ធនឹងការទូទាត់ខាងលើ ដោយខាងលោកស្រី ភោគ ផានុ បានចេញមូលប្បទានប័ត្រ (សែក) មួយសន្លឹកមកឲ្យលោកមានតម្លៃជាទឹកប្រាក់ចំនួន ៥៨,០០០ដុល្លារ ហើយត្រូវបើកនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩។

ប៉ុន្តែដល់ថ្ងៃដែលកំណត់ត្រូវបើកបា្រក់ ក៏ត្រូវបានធនាគារប្រាប់ថាមូលប្បទានប័ត្រ (សែក) មួយសន្លឹកនេះពុំមានសាច់ប្រាក់ទេ។

ជនរងគ្រោះ បានពន្យាពេលមួយខែដើម្បីរង់ចាំការទូទាត់ប្រាក់នេះដែរ តែរហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពេលដែលទៅធ្វើការទូទាត់ម្ដងទៀតខាងធនាគារនៅតែបញ្ជាក់ថា មូលប្បទានប័ត្រនេះពុំមានសាច់ប្រាក់ដើម្បីទូទាត់ដដែល។

ជនរងគ្រោះ ក៏បានព្យាយាមធ្វើការទំនាក់ទំនងទៅលោកស្រី ភោគ ផានុ ដើម្បីឱ្យធ្វើការទូទាត់សាច់ប្រាក់នេះជាច្រើនច្រើនសារ ទាំងតាមរយៈទូរស័ព្ទ និងតាមការជូនដំណឹងជាលាយលក្ខអក្សរផងដែរ តែគាត់នៅតែបន្តគេចវេសមិនព្រមចូលជួប ដើម្បីដោះស្រាយបញ្ហាឡើយ។ ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្ដឹងចូលសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់តែម្ដង៕