(ភ្នំពេញ)៖ ប្រជាពលដ្ឋចំនួន៣៥គ្រួសារ តំណាងឲ្យ១៤៥គ្រួសាររស់នៅក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បានបន្តលើកគ្នាធ្វើការតាវ៉ា ក្រោយមនុស្ស១ក្រុម បានលួចចាក់រំលោភយកដីរួមក្រុមសាមគ្គីរបស់ពួកគាត់ ហើយដីនេះក៏កំពុងតែមានទំនាស់ដ៏រ៉ាំរ៉ៃជាមួយ កងទ័ពមូលដ្ឋានកងការពារអាកាសវរៈ៩១ ជិត២០ឆ្នាំកន្លងមកហើយដែរ។
ការតវ៉ាជាថ្មីនេះបានកើតឡើង កាលពីវេលាព្រឹកថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០២០ ហើយពួកគាត់បានឃាត់គ្រឿងចក្រ១គ្រឿង ដែលកំពុងធ្វើសកម្មភាពឈូសឆាយនៅលើដីនេះផងដែរ ប៉ុន្តែមិនទាន់ដឹងថា អ្នកដែលចាក់ដីទាំងបំពាននេះគឺជាជនស៊ីវិល ឬក៏កងទ័ពនៅឡើយទេ។ ចំណែកអាជ្ញាធរសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក៏បានចុះអន្តរាគមន៍ឃាត់រាល់សកម្មភាពចាក់ដីនោះហើយដែរ។
ប្រជាពលរដ្ឋបាននិយាយថា ដីដែលត្រូវគេលួចចាក់នេះ គឺជាដីស្រះទឹកដែលមានទំហំជាង៤៣,០៧៥ម៉ែត្រក្រឡា ហើយដែលកំពុងមានទំនាស់ដ៏រ៉ាំរ៉ៃជិត២០ឆ្នាំកន្លងមកហើយនោះ រវាងពួកគាត់ និងយោធាអង្គភាពកងទ័ពមូលដ្ឋានកងការពារអាកាសវរៈ៩១។
នៅអំឡុងដើមឆ្នាំ២០២០ ពួកគាត់បានធ្វើការការតវ៉ា ខណៈខាងយោធាចាក់ដី ហើយក៏បានស្ងប់ស្ងាត់រហូតមក តែគ្មានដំណោះពីអាជ្ញាធរថ្នាក់ណាមួយឡើយ។ លុះរហូតមកដល់ពេលនេះ ស្រាប់តែមានអ្នកលួចចាក់ដីបន្តទៀត ទើបពួកគាត់ធ្វើការតវ៉ាជាថ្មីទៀត ហើយក៏ស្នើសុំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយដោះស្រាយ និងផ្ដល់បណ្ណកម្មសិទ្ធិជូនពួកគាត់ផង ហើយពួកគាត់ក៏មានបំណង ពុះអង្កន់ដីនេះចែកគ្នាផងដែរ ព្រោះបើទុកតទៅទៀត មិនត្រឹមតែគ្មានដំណោះស្រាយប៉ុណ្ណោះទេ ថែមទាំងបាត់បងម្ដងបន្តិចៗហើយ។
ប្រជាពលរដ្ឋបាននិយាយពីប្រវត្តិ នៃទំនាស់នេះថា រឿងរ៉ាវដែលនាំឈានដល់ការទំនាស់គ្នារវាងពួកគាត់ និងយោធាអង្គភាពខាងលើនោះ ក៏ព្រោះតែពួកគាត់ចិត្តល្អ និងទុកចិត្តយោនោះពេកហើយក៏មិននឹកស្មានដល់ដែរ។
កាលពីអំឡុងឆ្នាំ១៩៨៧ កងទ័ពការពារដែនអាកាសវរៈ៩១ បានខ្ចីដីរួមសាមគ្គីភូមិព្រៃទា ពីពួកគាត់ទំហំជាង៩ហិកតា ដើម្បីធ្វើជាមូលដ្ឋានកងទ័ពជាបណ្ដោះអាសន្នប៉ុណ្ណោះ ហើយបានសន្យាថា និងប្រគល់មកឲ្យពួកគាត់វិញ នៅពេលដែលអ្នកភូមិត្រូវការ។ រហូតដល់ឆ្នាំ២០០២ ពួកគាត់បានទាមទារយកដីមកវិញដើម្បីចែកកូនចៅក្នុងភូមិ ដែលបែកគ្រួសារដើម្បីរស់នៅស្រាប់តែ យោធាមិនព្រមប្រគល់ឲ្យវិញឡើយ។
ក្រោយយោធាក្បត់ពាក្យសន្យាបែបនេះ ពួកគាត់បាននាំគ្នាតវ៉ាជាបន្តបន្ទាប់ ក្រោយមកយោងតាមចំណាររបស់សម្ដេចនាយករដ្ឋមន្រ្តី ក្រុមការងារដឹកនាំដោយសួងការពារជាតិ បានសម្រេចដូចខាងក្រោម៖
*ទី១៖ កាត់ដីទំហំជាង៣ហិចតា និងផ្តល់ប័ណ្ឌកម្មសិទ្ធិជូនទៅគ្រួសារកងទ័ពចំនួន១២៤គ្រួសារ
*ទី២៖ កាត់ដីទំហំ៤៣,០៧៥ម៉ែត្រការ៉េ ប្រគល់ជូនពួកគាត់៣៥គ្រួសារ តំណាងឲ្យ១៤៥គ្រួសារ
*ទី៣៖ ដីដែលនៅសល់ទំហំជាង១០,០៤០ម៉ែត្រការ៉េ រួមជាមួយដី២ហិចតាកន្លះ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅ ត្រូវប្រគល់ជូនកងទ័ពខាងលើនោះ។
ក្រោយពេលឯកភាពគ្នាអស់ហើយនៅរយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ដល់ពេលប្រគល់ទៅហើយ ស្រាប់តែអត់វិញដោយក្រុមការងារឈប់ដោះស្រាយទៅវិញ ហើយមូលហេតុដែលមិនដោះ ស្រាយនោះ ក៏នៅតែជាអាថ៌កំបាំងរហូតមកទល់ពេលនេះ។
បន្ទាប់មកយោធា បានធ្វើសកម្មភាពរំលោភលើដីទំនាស់ស្រេចតែចិត្តចំណែកពួកគាត់នៅតែបន្តធ្វើការតវ៉ាជាបន្តបន្ទាប់ដែរ ហើយរឿងនោះថ្វីតែមិនទាន់ដោះស្រាចេញ ប៉ុន្តែបានស្ងប់ស្ងាត់មួយរយៈមកហើយ លុះដល់ពេលនេះស្រាប់តែយោធាចាក់ដីលុបស្រះ ដើម្បីពុះឡូត៌លក់ទើបពួកគាត់នាំគ្នាតវ៉ាជាថ្មីទៀត៕