(កំពត)៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពការងារគម្រោងថែទាំ និងពង្រឹងគុណភាពផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ដោយមានការចូលរួមពីមន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសនាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ លោកកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា គម្រោងថែទាំ ជួសជុលធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ កំពត-វាលរេញនេះ សម្រេចកាសាងសង់ប្រមាណ៧៩.៦០% គិតមកដល់ពេលនេះ។
គោលបំណង នៃការចុះពិនិត្យនេះ គឺដើម្បីធានាឱ្យគុណភាពនៃសំណង់អនុលោមតាមបទដ្ឋានបច្ចេកទេស និងស្របតាមសៀវភៅបន្ទុក ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនម៉ៅការសាងសង់ សំដៅធ្វើឱ្យផ្លូវនេះមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។
លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាន់យកគោលការណ៍ធ្វើផ្លូវឱ្យជាប់រឹងមាំ មិនមែនធ្វើផ្លូវជាប់រហូតទេមិនមែនធ្វើខាងមុខខូចខាងក្រោយ ធ្វើខាងក្រោយខូចខាងមុខនោះទេ។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ទោះបីជាផ្លូវនេះធ្វើបានជិត៨០%ក៏ដោយ តែគុណភាពនៃការសាងសង់នូវមិនទាន់អាចទទួលយកបាននោះទេ ដោយលោកបានជំរុញឱ្យក្រុមហ៊ុន សាងសង់ត្រូវតែធ្វើឱ្យបានត្រឹមត្រូវតាមសៀវភៅបន្ទុក ដែលបានកំណត់ត្រឹមត្រូវតាមលក្ខណ:បច្ចេកទេសទើបក្រសួងអាចទទួលយកបាន។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់កម្មវិធីថែទាំផ្លូវ (Road Care Mobile App) ដើម្បីចូលរួមថែទាំផ្លូវថ្នល់ទាំងអស់គ្នាឱ្យបានគង់វង្សជាប់បានយូរ និងបានសំណូមពរឲ្យក្រុមហ៊ុនដឹកជញ្ជូន កុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់បណ្តាលឱ្យផ្លូវឆាប់ខូច មិនត្រូវប្រើប្រាស់ចិញ្ចើមផ្លូវដើម្បីធ្វើអាជីវកម្ម រំលោភបំពានដីចំណីផ្លូវ និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នាផងដែរ។
លើសពីនេះទៀត លោកក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាល កុំចែករំលែកព័ត៌មានទាំងឡាយណា ដែលមិនមានប្រភពច្បាស់លាស់ ដើម្បីកុំឱ្យក្លាយទៅជាជនរងគ្រោះនៃការកេងចំណេញនយោបាយរបស់ជនអគតិ។
សូមបញ្ជាក់ថា គម្រោងថែទាំ និងពង្រឹងគុណភាពកំណាត់ផ្លូវជាតិលេខ៣ (ទីរួមខេត្តកំពត-វាលរេញ) មានប្រវែង ៥៤.៣០គីឡូម៉ែត្រ ចែកជាពីរកំណាត់ គឺពីគីឡូម៉ែត្រ ១៤៧+១០០ ដល់គីឡូម៉ែត្រ ១៨១+០០០ ត្រូវបានជួសជុល និងក្រាលកៅស៊ូAC ហើយគីឡូម៉ែត្រ ១៨១+០០០ ដល់គីឡូម៉ែត្រ ២០១+៤០០ ត្រូវធ្វើការជួសជុល ពង្រឹងឡើងវិញដោយធ្វើការលើកកម្ពស់តួ ផ្លូវចំនួន៤៥សង់ទីម៉ែត្រ ដើម្បីពង្រឹងតួផ្លូវ និងការពារជំនន់ទឹកភ្លៀងហូរកាត់នៅរដូវវស្សា អនុវត្តគម្រោងដោយក្រុមហ៊ុន Sichuan Road and Bridge (Group) Corporation Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Korea Consultants International Co., Ltd។
កំណាត់ផ្លូវនេះត្រូវបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ ថែទាំ និងពង្រឹងគុណភាពនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយប្រើប្រាស់រយៈពេល៥៤ខែ គ្រោងចំណាយថវិកាប្រមាណ ១២,០៦១,៦៨៨.០៥ ដុល្លារសហរដ្ឋអាមេរិក ក្រោមគម្រោងឥណទាន IDA Credit ៕