Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមចោរប្លន់កក្រើករាជធានីភ្នំពេញ កាលពីជិត៥ឆ្នាំមុន ចំនួន៤នាក់ត្រូវតុលាការកាត់ទោស ដាក់ពន្ធនាគារ៣៣ឆ្នាំ

19-06-2020 14:51

(ភ្នំពេញ)៖ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ ជាលើកទី១០ហើយ ដែលតុលាការលើកយកសំណុំរឿង ក្រុមចោរប្លន់កក្រើកកណ្តាលរាជធានីភ្នំពេញ កាលពីជិត៥ឆ្នាំមុន ចំនួន៤នាក់ មកធ្វើការជំនុំជម្រះបន្ត ខណៈពួកគេធ្លាប់បានចេញធ្វើសកម្មភាពប្លន់រាប់សិបលើក ហើយពេលសួរដេញដោលក្នុងសវនាការ ជនត្រូវចោទខ្លះភ្លេចកន្លែងដែលខ្លួនធ្លាប់ធ្វើសកម្មភាពទៀត។

សវនាការនេះ ដឹកនាំដោយលោក ហម ម៉េងសែ ជាប្រធានក្រុមប្រឹក្សារជំនុំជម្រះ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយមានលោក គុជ គឹមឡុង ជាតំណាងអយ្យការ។ យ៉ាងណាមិញ សវនាការនៅព្រឹកមិញនេះ មិនទាន់បានបញ្ចប់នៅឡើយទេ ពោលប្រធានក្រុមប្រឹក្សាជំនុំជម្រះ លើកយកទៅបន្តនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។

បើតាមការការសួរដេញដោល ក្នុងអង្គសវនាការ ជនត្រូវចោទឈ្មោះ លី ហេង ក្នុងចំណោមបក្ខពួកពាក់ព័ន្ធ បានបញ្ជាក់ថា ខ្លួនត្រូវបានតុលាការ ចោទប្រកាន់ចំនួន១២ករណីផ្សេងគ្នា ហើយបានទទួលការជំនុំជម្រះចំនួន០៩ករណីរួចមកហើយ ដោយតុលាការបានសម្រេចដាក់គុកចំនួន៣៣ឆ្នាំ។ ជនត្រូវចោទ លី ហេង បានបញ្ជាក់ទៀតថា សម្រាប់ទោសរបស់ខ្លួនដែលមានគឺនៅសល់ចំនួន០៣ករណីទៀត ដែលតុលាការជំនុំជម្រះមិនទាន់ចប់។

សូមរំលឹកថា កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះជួល ផ្លូវលេខ៦៧បេតេ ក្រុមទី០៥ ភូមិ ត្នោតជ្រុំ១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌមានជ័យ និងកម្លាំងប៉ុស្តិ៍បឹងទំពុន សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្រ្កាបក្រុមជនសង្ស័យប្លន់ម៉ូតូប្រដាប់អាវុធចំនួន០៤នាក់។

ទី១៖ឈ្មោះ បូ លីណូ អាយុ៣៤ឆ្នាំ, ទី២៖ឈ្មោះ លី ហេង អាយុ២៥ឆ្នាំ, ទី៣៖ឈ្មោះ សុខ សង្ហា អាយុ២១ឆ្នាំ និងទី៤៖ឈ្មោះ រ៉េន សិលា អាយុ១៨ឆ្នាំ៕