Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទូតខ្មែរកំពុងទាមទារសំណង ជូនក្រុមគ្រួសារពលករខ្មែរ ៥នាក់ ដែលស្លាប់ លើទូកនេសាទថៃ

19-01-2016 12:52

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានដំណឹង ពលករខ្មែរបម្រើការងារលើ ទូកនេសាទថៃចំនួន ៥នាក់ បានស្លាប់ ពេលកំពុងនេសាទនៅដែន សមុទ្រ ប្រទេសឥណ្ឌា មន្រ្តីទូតខ្មែរប្រចាំទីក្រុងបាងកក បាននិងកំពុងទាម ទារសំណងពីម្ចាស់ទូក ជូនដល់ក្រុមគ្រួសារសព។ នេះបើយោងតាមការបញ្ជាក់ របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។

លោក ជុំ សុន្ទរី បានថ្លែងប្រាប់ Fresh News នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះថា មានពលករ ខ្មែរ ៥នាក់ បានស្លាប់ និង ២០នាក់ផ្សេងទៀត បានកើតអាការក្អួតចង្អោរ ពេលកំពុងនេសាទ។ តែទោះ ជាយ៉ាងណាជនរងគ្រោះទាំង ២០នាក់នេះត្រូវបានក្រុម គ្រូពេទ្យក្នុងប្រទេសថៃ ជួយព្យាបាល និងបានចេញពីមន្ទីរពេទ្យអស់ផងដែរ ក្រោយជំងឺបានធូរស្បើយ។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា ពលករខ្មែរ ដែលស្លាប់ទាំង ៥នាក់នោះ ៤នាក់មកពីខេត្តសៀមរាប និង ម្នាក់ទៀតមកពីខេត្ត ស្វាយរៀង។ សពពលករខ្មែរ ២នាក់ ត្រូវបានក្រុមគ្រួសារយល់ព្រមឲ្យបូជានៅទីក្រុងបាងកក ហើយយកធាតុត្រឡប់មកស្រុកកំណើត ដោយឡែកសព ៣នាក់ទៀត មន្រ្តីទូតកំពុងស្វះស្វែងរកក្រុមគ្រួសារ។

បើតាមលោក ជុំ សុន្ទរី ការស្លាប់ និង ពុលក្អួតចង្អោររបស់ពលករខ្មែរនេះ នៅមិនទាន់មានការបញ្ជាក់ពី មូលហេតុពីមន្រ្តីជំនាញ នៅឡើយនោះទេ។
យោងតាមការចេញផ្សាយរបស់ព័ត៌មានថៃ បានឲ្យដឹងថា នៅលើទូកនេសាទ ដែលពលករខ្មែរជួបបញ្ហាសុខភាពនាំឲ្យស្លាប់ មានពលរដ្ឋខ្មែរបម្រើការ ២៥នាក់ និងកម្មករសញ្ជាតិថៃ ៦នាក់។ ពួកគេ ត្រូវបានបញ្ជូនទៅនេសាទត្រី នៅលើដែនសមុទ្រឥណ្ឌា៕