(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ បានរៀបចំពិធីក្រុងពាលីអនុញ្ញាតឲ្យដំណើរការសាងសង់អគាររដ្ឋបាលសាលាខេត្តបន្ត ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ។
មន្ត្រីសាលាខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយពីបានផ្អាកការសាងសង់មួយរយៈ អគារសាលាខេត្តនេះ ត្រូវបានរៀបចំឲ្យដំណើរការសាងសង់ជាបន្ត ដោយអភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា លោកចង់ឱ្យមន្ត្រីសាលាខេត្តមានការិយាល័យធ្វើការបានសមរម្យ ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
មន្ត្រីដដែលបានបញ្ជាក់ថា ដោយមើលឃើញពីការលំបាករបស់មន្ត្រី ដែលកំពុងបម្រើការងារនៅសាលាខេត្ត ក៏ដូចជាការចង់ផ្តល់នូវទីកន្លែងសមរម្យ សម្រាប់មន្ត្រីបំពេញការងារប្រចាំថ្ងៃ ក្នុងការបម្រើសេវាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដែលមកទទួលសេវាសាធារណៈនៅសាលាខេត្តនោះ ទើបលោក អ៊ុន ចាន់ដា បានឯកភាពជាមួយថ្នាក់ដឹកនាំខេត្ត និងអនុញ្ញាតឲ្យបន្តការសាងសង់ អគាររដ្ឋបាលថ្មីនេះឡើងវិញ។
គម្រោងអគារថ្មីនេះ ត្រូវបានសាងសង់ឡើងអំពីបេតុងអាមេជញ្ជាំងរៀបឥដ្ឋ និងតំបូលប្រក់ក្បឿង ដែលមានទំហំបណ្តាយជាង ៥៣ម៉ែត្រ ទទឹង២៤ម៉ែត្រ និងកម្ពស់៣ជាន់ មានទីតាំងនៅ ក្នុងបរិវេណសាលាខេត្តស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ត្រូវចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ចាម៕