(ព្រះវិហារ)៖ ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយរវាងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច (ក្រុមហ៊ុនមេត្រីភាព) ជាមួយប្រជាពលរដ្ឋជាង៥០០គ្រួសារ ដែលអូសបន្លាយអស់រយៈពេល ជាច្រើនឆ្នាំមកហើយនោះត្រូវបានអជ្ញាធរខេត្តព្រះវិហារធ្វើការដោះស្រាយជាបន្ទាប់ ដោយឈរលើគោលការណ៍របស់រាជរដ្ឋាភិបាល នឹងអាចនិយាយបានថា ដំណោះស្រាយនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។
មន្ត្រីសាលាខេត្តព្រះវិហារមួយរូប បានថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះថា ទំនាស់ដីធ្លីនេះផ្តើមដោយប្រជាពលរដ្ឋចំណាកស្រុក ដែលបានចូលមកកាប់រុករានទន្ទ្រានដីព្រៃរបស់រដ្ឋ ធ្វើជាកម្មសិទ្ធដោយខុសច្បាប់ រហូតកើតជម្លោះជាមួយមន្ត្រីជំនាញ និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន ក្រុមហ៊ុនឯកជនវិនិយោគលើដំណាំកសិកម្ម និងដំណាំកសិឧស្សាហកម្មនោះ។
មន្ត្រីដដែលបានបន្តថា នៅថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២០ ក្នុងចំណោមប្រជាពលរដ្ឋ៥៤៦គ្រួសារ មានគ្រួសារជាច្រើនបានទទួលយកការសម្របសម្រួល និងដោះស្រាយដីជូន ២ហិចតា ក្នុង១គ្រួសារពីរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរខេត្តព្រះវិហារ។ ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយក្រុមតូចប៉ុណ្ណោះ ដែលជឿតាមការអូសទាញរបស់មេខ្យល់ បានបដិសេធមិនទទួលយក ហើយនាំគ្នាឡើងទៅតវ៉ានៅរាជធានីភ្នំពេញ។
មន្ត្រីដដែលបានបញ្ជាក់ថា ក្រោមការណែនាំពីលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ លោក ស៊ូ សិរី អភិបាលរងខេត្តនៅថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីជំនាញ ចុះសម្របសម្រួលប្រជាពលរដ្ឋជាច្រើនរយគ្រួសារ ដែលមានជម្លោះជាមួយក្រុមហ៊ុនមេត្រីភាព ចំណែកលោក អ៊ុង វុទ្ធី អភិបាលរងខេត្តបានចុះ ទៅទីតាំងដីនៅក្រុមហ៊ុនមេត្រីភាព និងមន្ត្រីមួយផ្នែកទៀតទៅភ្នំពេញ សម្របសម្រួលជាមួយប្រជាពលរដ្ឋឱ្យគាត់ត្រឡប់មកវិញ ដើម្បីធ្វើការដោះស្រាយ វិបត្តិដីធ្លីនេះ ឱ្យបានចប់សព្វគ្រប់។
មន្ត្រីរូបនេះបានបញ្ជាក់ទៀតថា ក្រោមកិច្ចសម្របសម្រួលរបស់អជ្ញាធរខេត្តព្រះវិហារមានប្រជាពលរដ្ឋ ៥៤៦គ្រួសារ ដែលភាគច្រើនពួកគាត់រស់នៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលបានចូលមកទន្ទ្រានដីព្រៃ នៃដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដីក្រុមហ៊ុនមេត្រីភាព នាពេលកន្លងមកនេះនៅពេលនេះ ក្នុងចំណោមពួកគាត់ទាំង៥៤៦គ្រួសារ មានគ្រួសារជាច្រើនបានយល់ព្រមទទួលយកដី២ហិចតាក្នុង១គ្រួសារ ទៅតាមគោលការណ៍រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរ ខេត្តព្រះវិហារនោះហើយ។
លោកបានបញ្ជាក់ថា ដីសម្បទានសង្គមកិច្ច ដែលផ្តល់ជូនដោយរាជរដ្ឋាភិបាលតាមរយៈអាជ្ញាធរខេត្ត ជូនប្រជាពលរដ្ឋទាំង ៥៤៦គ្រួសារនៅក្នុងពេលនេះនឹងតម្រូវឱ្យ ប្រជាពលរដ្ឋចូលមកបំពេញបែបបទ ដើម្បីទទួលបានដីពីការកាន់កាប់ខុសច្បាប់មកជាដីស្របច្បាប់ នៅក្នុងរយៈពេល១ខែ ហើយពួកគាត់នឹងទទួលបានបណ្ណកម្មសិទ្ធិ និងរស់នៅបង្កបង្កើនផលដោយគ្មានការភ័យខ្លាច និងមានសិទ្ធគ្រប់បែបយ៉ាងនៅ៥ឆ្នាំក្រោយ ការបង្កបង្កើនផល នៅលើផ្ទៃដី២ហិចតានោះយ៉ាងពិតប្រាកដ។
សូមជម្រាបថា ជាច្រើនថ្ងៃកន្លងមកនេះ មានប្រជាពលរដ្ឋមួយក្រុមតូច ដែលមិនព្រមទទួលយកដី២ហិចតា តាមការបែងចែករបស់អាជ្ញាធរខេត្តព្រះវិហារបាននាំគ្នា ទៅតវ៉ានៅរាជធានីភ្នំពេញ ប៉ុន្តែការតវ៉ានោះមិនបានសម្រេចបំណងនោះទេ រីឯអាជ្ញាធរខេត្តនឹងខិតខំសម្របសម្រួលទៀត លុះត្រាតែប្រជាពលរដ្ឋទាំងនោះ ងាកមកទទួលយកដី២ហិចតា តាមការដោះស្រាយជូនពីថ្នាក់ដឹកនាំខេត្តព្រះវិហារ៕