(ភ្នំពេញ)៖ ក្នុងឱកាសសំណេះសំណាល និងផ្ដល់ថវិកាពង្រីកមុខរបររបស់ជនពិការកំបុតដៃទាំងពីរ ជាលើកទី១០ នៅការិយាល័យនៃសណ្ឋាគារ សាន់&មូន នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ ម្ចាស់មូលនិធិឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លីហៀក រតនា បានណែនាំលើកទឹកចិត្ដដល់ជនពិការទាំងអស់ សូមកុំឱ្យយកពិការភាព ធ្វើជាឧបសគ្គ បំបាក់ទឹកចិត្ដរបស់យើង មិនចង់ពុះពារ ក្លាយទៅជាភាពទន់ខ្សោយឱ្យសោះ។
ឧកញ៉ាបណ្ឌិត ជា រតនា បានថ្ពុំលែងបន្ដថា «កាយសម្បទាយើងត្រូវបានពិការហើយ ដោយមិនមានអ្វីមកជួសជុលបានទេ តែទោះជាយ៉ាងណាក៏ដោយ យើងមិនត្រូវឱ្យទឹកចិត្ដរបស់យើងពិការទៀតនោះទេ ពីព្រោះ កាយសម្បទាជារឿងមួយផ្សេង តែប្រសិនបើយើងពិការចិត្ដថែមទៀតនោះ គឺធ្វើឱ្យយើងបាត់បង់នូវការតស៊ូ។
លោកបន្ដថា ដូច្នេះ ដើម្បីឱ្យមានក្ដីសង្ឃឹមនៅក្នុងជីវិត កុំយកពិការភាពរបស់យើង ធ្វើជាឧបសគ្គ ត្រូវពុះពារ ឯករាជ្យលើខ្លួនឯង ដោយមិនបាច់រង់ចាំការពឹងពាក់ពីគេដើម្បីរស់ ។ លើសពីនោះ មូលនិធិសប្បុរសធម៌នេះ នៅតែបន្ដចាំជួយជំរុញ និងបំពេញដល់ជនពិការរូបណា ដែលមានឆន្ទៈ ផ្លាស់ប្ដូរខ្លួនចេញពីភាពក្រខ្សត់។
ជាក់ស្ដែង «រហូតមកដល់ពេលនេះ ការជួយរបស់មូលនិធិយើង បានជួយលើកកម្ពស់ជីវភាពគ្រួសាររបស់ជនពិការកំបុតដៃទាំងពីរជាច្រើនគ្រួសារមកហើយ ឱ្យចៀសផុតពីភាពអត់ឃ្លាន តាមរយៈការត្រួតត្រាផ្លូវឱ្យបង្កើតមុខរបរផ្ទាល់ខ្លួន, ជួយបំពេញភាពខ្វះខាតនៃមុខរបបចិញ្ចឹមជីវិតជាប្រចាំថ្ងៃ ដូចជាចិញ្ចឹម ជ្រូក មាន់ ទា ដោយផ្គត់ផ្គង់ជាថវិកា ដើម្បីយកទៅសិក្សាជំនាញច្បាស់លាស់រហូតដល់រៀនចប់ ទិញសម្ភារផ្សេងៗ រួមទាំងផ្ដល់ដៃសប្បនិម្មិតជូនពួកគាត់ផងដែរ»។
ឧកញ៉ាបណ្ឌិត ជា រតនា បានបញ្ជាក់ថា «មូលនិធិឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លីហៀក រតនា គឺកើតឡើងពីទឹកចិត្ដមនុស្សធម៌ យើងចង់ជួយឱ្យគាត់ឆ្លងផុតពីភាពក្រីក្រ ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុក ដែលកន្លងមក ហើយកន្លងមកនេះ យើងក៏បានឃើញភាពជោគជ័យរបស់បងប្អូនជនពិការកំបុតដៃទាំងពីររបស់យើងផងដែរ»។
លើសនោះ ឧកញ៉ាបណ្ឌិត ជា រតនា ក៏បានអំពា វនាវដល់ប្រជាពលរដ្ឋ ជាពិសេស អ្នកដែលប្រកបរបរអាជីវកម្មផ្នែកផ្សារឧករណ៍ផ្សេងៗ ត្រូវប្រុងប្រយ័ត្នខ្ពស់ ព្រោះការងារទាំងនេះ ងាយគ្រោះថ្នាក់ណាស់ សូមកុំធ្វេសប្រហែសឱ្យសោះ ដោយអាចបណ្ដាលឱ្យកំបុតដៃ និងពិការដូចករណីកន្លងមក ដោយជនពិការខ្លះ ដោយសារឆក់ខ្សែភ្លើងផងដែរ ក្រៅពីពិការពីកំណើត, គ្រោះថ្នាក់ចរាចរណ៍ និងដោយគ្រាប់មីនបន្សល់ទុកពីសម័យសង្គ្រាម។
ជាមួយគ្នានោះ ក៏សូមអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ជួយត្រួតពិនិត្យទីតាំងការងារនីមួយៗដែលងាយរងគ្រោះថ្នាក់ ដោយតម្រូវឱ្យមានសម្លៀកបំពាក់ និងឧបករណ៍ស្ដង់ដារត្រឹមត្រូវមុនចូលធ្វើការងារ កុំឱ្យបង្កហានិភ័យ ត្រូវកាត់ដៃកាត់ជើង។ ឆ្លៀតក្នុងឱកាសនោះ លោកឧកញ៉ា បណ្ឌិត ជា រតនា ក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់ដែលបានជួយ និងកំពុងតែជួយដល់បងប្អូនពិការ សូមមេត្ដាជួយបន្ដ និងគាំទ្របន្ថែមទៀត។
សូមជម្រាបថា មកទល់នឹងពេលនេះ មូលនិធិឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លីហៀក រតនា បានជួយផ្ដល់ថវិកាផ្គត់ផ្គង់ ពង្រីកមុខរបរដល់ជនពិការកំបុតដៃទាំងពីរ ចំនួន ២៣៧នាក់ ដែលមកពីបណ្ដាខេត្ដផ្សេងៗនៅទូទាំងប្រទេស។ សម្រាប់ជនពិការ ដែលមកទទួលថវិកានៅព្រឹកមិញនេះ ចំនួន ២៨នាក់ (២នាក់ស្នាក់នៅមន្ទីរពេទ្យនៅឡើយ) ម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភ ១លានរៀល និងអាវយឺត១។ អ្នកអមដំណើរ ២៦នាក់ទទួលបានប្រាក់ឧបត្ថម្ភ ១០ម៉ឺនរៀល។
ទន្ទឹមនឹងនោះ មូលនិធិក៏បានឧបត្ថម្ភពិសេសដល់ជនពិការ ៣នាក់ សម្រាប់ការប្រកបរបរចិញ្ចឹមទន្សាយ (៣០០ដុល្លារ) ជីកអណ្តូង (៤០០ដុល្លារ) និងរៀនភាសាអង់គ្លេស (៥៥ដុល្លារ ក្នុង១ខែ)។ សម្រាប់សប្បុរសជនចូលរួមឧបត្ថម្ភ៖ លោកឧកញ៉ា សុខ វណ្ណា ឧបត្ថម្ភ ៥,០០០ដុល្លារ, ឧកញ៉ា ស៊ុយ ហេង ឧបត្ថម្ភ ១,០០០ដុល្លារ, លោកឧកញ៉ា ហេង ឡុង ឧបត្ថម្ភ ១,០០០ដុល្លារ, ឯកឧត្ដម ស៊ឹម ប៉ុណ្ណឬទ្ធិ និងលោកជំទាវ (ឡេង) ឧបត្ថម្ភ ៥០០ដុល្លារ, លោក អ៉ឺង ឡាវី និងលោកស្រី ធា ឧបត្ថម្ភ ៥០០ដុល្លារ, លោក យិន សៀកហុង ឧបត្ថម្ភ ៥០០ដុល្លារ៕