(ភ្នំពេញ)៖ សពរបស់នាយឧត្តមសេនីយ៍ ញឹក ហួន អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ហើយត្រូវបានគេស្គាល់ថា ជាយុទ្ធមិត្ត ដ៏ស្និតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានតស៊ូរំដោះប្រទេសជាតិ ចេញពីរបបអាវខ្មៅប្រល័យ ពូជសាសន៍ ប៉ុល ពត នឹងត្រូវរៀបចំពិធីបូជា នៅសួនច្បារមុខវត្តបុទមវត្តី ដែលជាទីតាំងដ៏សាកសម សម្រាប់អ្នកតស៊ូរបស់កម្ពុជា។
ជាក់ស្តែងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ មេរុសម្រាប់បូជាសពរបស់ឧត្តមសេនីយ៍ ញឹក ហួន កំពុងត្រូវបានរៀបចំយ៉ាងយកចិត្ត ទុកដាក់ នៅសួនច្បារវត្តបុទមវត្តី ដើម្បីឲ្យរួចរាល់តាមការគ្រោងទុក នៅថ្ងៃទី២១ ខែមករា ខាងមុខនេះ។
សូមជម្រាបថានាយឧត្តមសេនីយ៍ ញឹក ហួន បានទទួលមរណភាព នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ដោយរោគគាពាធ ហើយសពរបស់លោក ត្រូវបានរៀបចំតម្កល់ធ្វើបុណ្យ តាមប្រពៃណីនៅគេហដ្ឋានក្រោយបន្ទាយដេអិន (DN)៕