(តាកែវ)៖ ការសាងសង់សួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន ដ៏ស្រស់ត្រកាលនៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ ដែលជាស្រុកកំណើតរបស់សម្ដេចវិបុលបញ្ញា សុខ អាន កំពុងតែចាប់ផ្ដើមដំណើរការសាងសង់ហើយ។
សួនវប្បធម៌នេះមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២ នៅជាប់អាងទឹកទន្លាប់ ស្ថិតនៅក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។
សួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន ដ៏ស្រស់សោភោនេះ ឧបត្ថម្ភគាំទ្រថវិកាការសាងសង់ទាំងស្រុង ដោយក្រុមគ្រួសាររបស់សម្ដេចវិបុលបញ្ញា សុខ អាន មានផ្ទៃក្រឡាផ្ទៃទទឹង១០០ម៉ែត្រ និងបណ្ដោយ៥០០ម៉ែត្រ ដែលមានការរចនាបទលក្ខណៈជាខ្មែរ និងមានការសាងសង់លើសួនវប្បធម៌នេះ នូវរូបបដិមាសម្ដេចវិបុលបញ្ញា សុខ អាន សាងសង់បណ្ណាល័យ ទីលានកីឡា និងកន្លែងហាត់កីឡា ហាងកាហ្វេ កន្លែងអង្គុយលម្ហែ និងក្មេងលេង រោងទូកង កន្លែងឆ្លុះកែវយិត ចំណតរថយន្ត និងទោចក្រយានយន្ត ផែទូក បន្ទប់ទឹកសាធារណៈនិងទីលានប្រារព្វពិធីផ្សេងៗ។
សមិទ្ធផលដ៏ធំធេងសម្រាប់ជាចំណងដៃ ជូនដល់បងប្អូនប្រជាពលរដ្ឋស្រុកគីរីវង់ របស់ក្រុមគ្រួសារសម្ដេចវិបុលបញ្ញា សុខ អាន នឹងជួយលើកកម្ពស់មុខមាត់សោភ័ណ្ឌភាព ស្រុកគីរីវង់ ឲ្យកាន់តែស្រស់បំព្រងទ្វេឡើង ជាពិសេសធ្វើឲ្យសេដ្ឋកិច្ចគ្រូសារ របស់បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង តាមរយៈសួនវប្បធម៌ដ៏ស្រស់ ត្រកាលនេះដែលអាចឱ្យគេមើលឃើញប្រាសាទបាយ៉ង់កោ ដែលស្ថិតនៅលើកំពូលភ្នំបាយ៉ង់កោ និងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកកម្សាន្ត នៅទីនេះកាន់តែច្រើនថែមទៀត។
លោក ស៊ុត ខុន អភិបាលស្រុកគីរីវង់បានថ្លែងឲ្យដឹងថា សួនវប្បធម៌សម្ដេចវិបុលបញ្ញា ដែលជាសមិទ្ធផលជាប្រវត្តិសាស្រ្តដែលគាំទ្រថវិកា ដោយក្រុមគ្រួសារសម្ដេចវិបុលបញ្ញា សុខ អាន និងក្លាយជាទីកន្លែងសម្រាប់ប្រជាពលរដ្ឋមកលម្ហែកាយ ហាត់ប្រាណ លេងកីឡា ទស្សនាការប្រណាំងទូក ហើយសួនវប្បធម៌នេះ នឹងលើកកម្ពស់ សោភ័ណ្ឌភាពស្រុកគីរីវង់ទាំងមូលឱ្យកាន់តែស្រស់បំព្រងថែមទៀត ជាពិសេសទៅទៀតសួនវប្បធម៌នេះ និងក្លាយទៅជាទីកន្លែងមួយដែលធ្វើការទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិឲ្យមកកម្សាន្តនៅទីនេះកាន់តែច្រើនថែមទៀត។
អ្នកស្រី វណ្ណារី ប្រជាពលរដ្ឋស្រុកគីរីវង់ដែលប្រកបរបលក់អាហារ បានសម្ដែងនូវក្ដីត្រេកអនិងសប្បាយរីករាយជាទីបំផុត នៅពេលដែលមានការសាងសង់សួនវប្បធម៌ សម្ដេចវិបុលបញ្ញា សុខ អាន នៅលើទឹកដីស្រុកគីរីវង់។ ការសាងសង់សួនវប្បធម៌ដ៏ធំនៅក្នុងស្រុកគីរីវង់នេះ ក្រៅពីលើកកម្ពស់សោភ័ណ្ឌភាពស្រុកឲ្យកាន់តែស្រស់បំព្រង វាក៏និងជួយឲ្យបងប្អូនប្រជាពលរដ្ឋមានជីវភាពកាន់តែធូធារជាងមុន តាមរយៈការលក់ដូចំណីអាហារដល់ភ្ញៀវទេសចរណ៍ ដែលនឹងមកកម្សាន្តនៅសួនវប្បធម៌នេះកាន់ តែច្រើនថែមទៀត៕