(ភ្នំពេញ)៖ ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន បានដាក់គ្រឿងចក្រជាច្រើនគ្រឿង ទៅកាយប្រឡាយ អមផ្លូវជាតិលេខ៤ និងតំបន់មុខសាលាក្តីខ្មែរក្រហមក្នុងសប្តាហ៍នេះ ដើម្បីស្តារប្រឡាយនៅអមសងខាងផ្លូវជាតិលេខ៤នេះឱ្យបានជ្រៅ គោលបំណងរំដោះការជនលិចដោយជំនន់ទឹកភ្លៀង ឱ្យបានលឿន។

ការណែនាំនេះបានធ្វើឡើងក្នុងកិច្ចប្រជុំ ជាមួយមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មូលហេតុដែលតំបន់នេះរងការជនលិចដោយសារតែការរងផ្ទៃទឹកហូរពីខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួលខេត្តកណ្តាល ហើយបណ្តាប្រឡាយរងតូចៗ មួយចំនួនទៀត បានគោករាក់ និងការរំលោភចំណីប្រឡាយពីប្រជាពលរដ្ឋ។

លោកបានបន្តថា «អាជ្ញាធរនឹងពន្លឿនការដោះស្រាយការជន់លិចនៅតំបន់នេះឱ្យបានលឿន ដែលសម្រួលការលំបាករបស់ប្រជាពលរដ្ឋ និងការរំខានការធ្វើដំណើរជាដើម»

ក្នុងកិច្ចប្រជុំនោះលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ជាមធ្យោបាយបន្ទាន់ដើម្បីដោះស្រាយបញ្ហាជន់លិចនៅតំបន់នេះឱ្យមានប្រសិទ្ធភាព មន្ទីរបានកាយភក់ចេញពីបាតប្រឡាយអមសងខាងផ្លូវជាតិលេខ៤ ត្រង់មុខសាលាក្តីខ្មែរក្រហម មកដល់ផ្លូវរថភ្លើង បន្ទាប់មកទៀតផ្នែកខាងជើងស្តារប្រឡាយតាមបណ្តោយផ្លូវរថភ្លើង ឆ្ពោះទៅមហាវិថីឈ្នះឈ្នះ ចាក់ទៅបឹងតាមោកទំនប់កបស្រូវ។

ចំណែកខាងត្បូងផ្លូវជាតិលេខ៤វិញ នឹងត្រូវស្តារប្រឡាយតាមបណ្តោយផ្លូវរថភ្លើង ឆ្ពោះទៅប្រឡាយតាហោចាក់ទៅស្ទឹងព្រែកត្នោត និងប្រឡាយមួយទៀតតាមផ្លូវជាតិលេខ៣ ឆ្ពោះទៅបឹងជើងឯក។

លោកបញ្ជាក់ថា គម្រោងនេះនឹងជួយរំដោះទឹកហូរបានលឿនជាងមុន កាត់បន្ថយបានការជនលិច។ សូមបញ្ជាក់ថា រដ្ឋបាលនៅភ្នំពេញកំពុងសិក្សាជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបង្កើតប្រព័ន្ធស្ទាក់ទឹកពីខេត្តកំពង់ស្ពឺ ឱ្យហូរចាក់ទៅស្ទឹងព្រែកត្នោតតែម្តង ដែលអាចកាត់បន្ថយកុំឱ្យហូរចូលមករាជធានីភ្នំពេញបង្កឱ្យមានការជនលិចដោយជំនន់ទឹកភ្លៀង៕