(ហ្សាកាតា)៖ លោក Badrodin Haiti មេប៉ូលិសឥណ្ឌូនេស៊ី បានថ្លែងឲ្យដឹងនៅថ្ងៃអង្គារ ទី១៩ ខែមករានេះថា ការវាយប្រហារកណ្ដាលទីក្រុងហ្សាកាតា កាលពីសប្ដាហ៍មុន គឺជាផែនការណ៍ B របស់ក្រុមឧទ្ទាម ISIS ដែលគម្រោងនៃការវាយប្រហារនេះ គឺត្រូវបានគ្រោងឡើង ក្នុងទ្រង់ទ្រាយធំ នេះបើយោងតាមការចេញផ្សាយរបស់ Channel News Asia នៅថ្ងៃទី១៩ ខែមករា។
លោក Haiti បានបញ្ជាក់ថា តាមពិតក្រុម ISIS បានគម្រោងវាយប្រហារឥណ្ឌូនេស៊ី កាលពីអំឡុងពេលរដូវបុណ្យ Christmas និងឆ្លងឆ្នាំសកល ដែលគម្រោងនោះ ត្រូវបានលោកមេប៉ូលិសរូបនេះ បញ្ជាក់ថា ជាផែកការណ៍ A ប៉ុន្តែគម្រោងមួយនោះ ត្រូវបានបរាជ័យ ដោយក្រុម ISIS បានបញ្ជូនសារមួយថា ពួកគេនឹងវាយប្រហារ ជាលក្ខណៈទ្រង់ទ្រាយធំលំដាប់អន្តរជាតិ។
ការវាយប្រហារនៅកណ្ដាលទីក្រុងហ្សាកាតា កាលពីសប្ដាហ៍មុននេះ ត្រូវបានគេចាត់ទុកថា ជាការវាយប្រហារធំមួយ នៅតំបន់អាស៊ីអាគ្នេយ៍ ពីសំណាក់ក្រុម ISIS ហើយវាក៏ជាសារគំរាមមួយ ដល់បណ្ដាលប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
អាជ្ញាធរឥណ្ឌូនេស៊ី បានបញ្ជាក់ថា មានជនជាតិឥណ្ឌូនេស៊ី ប្រមាណ ៥០០នាក់ បានចាកចេញពីប្រទេស ទៅកាន់តំបន់មជ្ឈិម ដើម្បីចូលរួមជាមួយក្រុម ISIS ហើយក្នុងនោះ មានប្រមាណជា ១០០នាក់ បានត្រឡប់មកកាន់ស្រុកកំណើតវិញ ប៉ុន្តែមានតែប៉ុន្មាននាក់ប៉ុណ្ណោះ ដែលមានជំនាញខាងប្រយុទ្ធ។
គួរបញ្ជាក់ផងដែរថា កាលពីសប្ដាហ៍មុន មានការវប្រហារមួយ នៅកណ្ដាលទីក្រុងហ្សាកាតា ដោយមានការបំផ្ទុះគ្រាប់បែក និងការវាយតបតជាមួយប៉ូលិស ដោយក្នុងការវាយប្រហារនោះ មានមនុស្សស្លាប់៨នាក់ ក្នុងនោះមាន ក្រុមឧទ្ទាម៤នាក់ និងមានមនុស្សជាច្រើននាក់ រងរបួស៕