(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា គ្រោងនឹងដឹកនាំប្រតិភូកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសញូវហ្សេឡែន និង អូស្ត្រាលី ក្នុងពេលឆាប់ៗនេះ តបតាមការអញ្ជើញរបស់ នាយករដ្ឋមន្រ្តីញូវហ្សេឡែន និងអូស្ត្រាលី។
ដំណឹង នៃដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសញូវហ្សេឡែន និងអូស្ត្រាលី ត្រូវបានបញ្ជាក់ដោយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងឱកាសជួបពិភាក្សា ជាមួយនិស្សិតខ្មែរ ១៧រូប ដែលទទួលបានអាហារូបករណ៍ ទៅសិក្សាប្រទេសញូវហ្សឡេន នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ។
ទោះពីជាយ៉ាងណាឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង មិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ នៃដំណើរទស្សនកិច្ចនេះនៅឡើយទេ។
អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានថ្លែងប្រាប់ Fresh News តាមទូរស័ព្ទថា ដំណើរទស្សនកិច្ច របស់សម្តេចតេជោ ទៅកាន់ប្រទេសញូវហ្សេឡែន និងអូស្ត្រាលីនេះ ធ្វើឡើងតបតាមការ អញ្ជើញរបស់នាយករដ្ឋមន្រ្តីញូវហ្សេឡែន និងអូស្ត្រាលី ហើយសម្តេចតេជោ ក៏បានឯកភាពទទួលសំណើនេះរួចហើយ។
លោក ជុំ សុន្ទរី បានបញ្ជាក់ឲ្យដឹងទៀតថា ដំណើរទស្សនកិច្ច នឹងធ្វើឡើងនៅក្នុងឆ្នាំ២០១៦នេះ ដើម្បីរឹតចំណងសាមគ្គីភាពជាមួយគ្នា៕