(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នេះបានអញ្ជើញចូលរួម នៅក្នុងកិច្ចប្រជុំដើម្បីពិនិត្យ ពីការស្ថានភាពរស់នៅប្រចាំថ្ងៃ របស់ជនរងគ្រោះ ដោយសារគ្រឿងញៀន នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័ន ដែលជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀន។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ បានណែនាំនូវបញ្ហាមួយចំនួន ដល់ថ្នាក់ដឹកនាំ នៃមជ្ឈមណ្ឌលរួមមាន៖
១ .ពង្រឹងសេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនឲ្យបានល្អ និងមានទំនុកចិត្តដល់អ្នកមកទទួលសេវា
២ .ហាមដាច់ខាតមិនឲ្យមានគ្រឿងញៀន និងអំពើពុករលួយក្នុងមណ្ឌល
៣ ពង្រឹងគ្រូពេទ្យព្យាបាល
៤ .ណែនាំលើការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាហរណកម្ម អ្នកញៀនគ្រឿងញៀន។
ជាមួយគ្នានោះដែរ តាមរយៈបណ្តាញផ្សព្វផ្សាយព័ត៌មាន នាយឧត្តមសេនីយ៍ បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទៅ ពិសេសយុវជន យុវនារីកុំឲ្យសាកល្បង និងប៉ះពាល់គ្រឿងញៀន ប្រសិនបើបានធ្លាក់ទៅក្នុងអន្ទាក់នៃគ្រឿង ប្រញាប់រុះរាន់មកទទួលយកសេវាព្យាបាល កុំបណ្តែតបណ្តោយទុកឲ្យមាន គ្រោះថ្នាក់ដល់អាយុជិវិត។
ក្នុងឱកាសនោះ លោកបាននាំមកជាមួយ នូវអំណោយមួយចំនួនមាន ទឹកសុទ្ធ១០០កេស ទឹកក្រូវ៤០កេស ថវិកាឧបត្ថម្ភបុគ្គលិក៤៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន២០០០០រៀល និងមណ្ឌលទទួលបានថវិកាឧបត្ថម្ភ៤.000.000រៀល៕