(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួង សុខាភិបាល លោក លី សូវ៉ាន់ បានបង្ហាញ Video ចោរកាច់កម៉ូតូរបស់គាត់ផ្ទាល់ នៅពីមុខផ្ទះ ក្នុងទឹកដីខណ្ឌ៧មករា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ហើយសូមអំពាវនាវឲ្យដល់សមត្ថកិច្ច គ្រប់ជាន់ថ្នាក់តាមស្រាវជ្រាវ ដើម្បីតាមចាប់ជនសង្ស័យរូបនេះ។
លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងជម្ងឺឆ្លង ក្រសួងសុខាភិបាល បានបញ្ជាក់នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ ថា «សូមឯកឧត្តម និងលោកសមត្ថកិច្ច មេត្តាជួយវែកមុខចោរលួច ម៉ូតូកម្មសិទ្ធរបស់ខ្ញុំផ្ទាល់ រដ្ឋ១២ ១-១៦៧០ ដែលមានទីតាំង ផ្ទះលេខ ៨០C ផ្លូវលេខ ១៦១ សង្កាត់អូរឫស្សី២ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។ ខ្ញុំបានប្តឹងដល់សមត្ថកិច្ចមូលដ្ឋាន តែនៅមិនទាន់ រកឃើញ នៅឡើយទេ ។ សូមមើលភិនភាគចោរ នៅក្នុងឃ្លីបភ្ជាប់មកជាមួយនេះ»។
លោក លី សូវ៉ាន់ បានប្រាប់បន្ថែមដល់អង្គភាព Fresh News ថា ខណ:ដែលលោកបានទុកម៉ូតូម៉ាក Yamaha Spark នៅមុខផ្ទះនោះ ក៏លេចមុខជនសង្ស័យម្នាក់ រាងស្គមចូលមកកាច់កម៉ូតូជិះចេញយកទៅបាត់។
ការកត់សម្គាល់ សម្រាប់ករណីបទល្មើសកាច់ក ម៉ូតូ លួចម៉ូតូ នៅក្នុងរាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋលើកឡើងថា កើតឡើងស្ទើរ ជារៀងរាល់ថ្ងៃ ប៉ុន្តែការតាមចាប់បានជនសង្ស័យ ហាក់បីដូចជានៅមានកម្រិតនៅឡើយ ។
សកម្មភាពលួចម៉ូតូ មើលទៅគឺមានរូបភាពតូច ជាងករណីប្លន់ តែបើទំហំនៃការបាត់បង់វិញ ក៏ធំធេងផងដែរ ដូច្នេះសមត្ថកិច្ចទាំងអស់ គួរពង្រឹងបញ្ហានេះកាន់តែខ្លាំងឡើង ជាពិសេសសូមជួយស្វែងរកចាប់ជនសង្ស័យទាំងនេះ ឲ្យខាងតែបាន សម្រាប់ជនរងគ្រោះវិញ ពីព្រោះមតិភាគច្រើនថា ឲ្យតែបាត់ម៉ូតូហើយ មិនងាយសមត្ថកិច្ចរកឃើញទេ បើទោះបីដាក់ពាក្យបណ្តឹងក៏ដោយ៕
Posted by Sheet on Monday, January 18, 2016