(ភ្នំពេញ)៖ គិតត្រឹម៥ខែ ខាងដើមឆ្នាំ២០២០នេះ ចំនួនកុមារដែលបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា មានការថយចុះមួយកម្រិតបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។
រយៈពេល៥ខែនេះ ករណីជំងឺផ្នែកខាងក្រៅរបស់កុមារ ចំនួន១៧,៦៥០៤ករណី និងដេកពេទ្យចំនួន ២៩,១២២ករណី ខណៈដែល៥ខែដើមឆ្នាំ២០១៩ មានជំងឺផ្នែកខាងក្រៅចំនួន ២៤៥,៣៨៣ករណី និងដេកពេទ្យចំនួន ៣៧,០៣១ករណី។ នេះបើតាមការបញ្ជាក់របស់លោក ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា។
លោក ហេង សុទ្ធី ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះថា «ការថមថយ ឬធ្លាក់ចុះនេះ ដោយសារកត្ដាពីរយ៉ាង គឺការធ្វើអនាម័យស្អាតជានិច្ច និងកាត់បន្ថយការធ្វើចលនាចុះឡើង»។
លោក ហេង សុទ្ធី បានថ្លែងបញ្ជាក់ថា ការធ្វើអនាម័យ បានកាត់បន្ថយជំងឺឆ្លងផ្សេងៗទៅលើកុមារ ដូចជា៖ ផ្ដាសាយ រលាកបំពង់ក ច្រមុះ រាគរូសជាដើម។ ដូច្នេះ អនាម័យ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យកុមារ មានសុខភាពល្អប្រសើរឡើង។
លើសពីនោះ «ការថយចុះនេះ ដោយសារចរន្ដទូទៅ គឺថាបច្ចុប្បន្ននេះ យើងទាំងអស់គ្នា មានភាពភ័យខ្លាច និងប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ១៩ ដោយនាំគ្នាអនុវត្ដនូវដំបូន្មាន និងវិធានការការពារ ទប់ស្កាត់ របស់ក្រសួងសុខាភិបាល ដោយចៀសវាងទៅកន្លែងណាដែលមានការប្រមូលផ្ដុំគ្នាច្រើន ឬទីប្រជុំជន បើមិនចាំបាច់ជាដើម»។
លោកថ្លែងបន្ដថា នេះជាកត្ដា ដែលអាណាព្យាបាល បានថែទាំកូនបានយ៉ាងល្អ ហើយបើមានករណីឈឺតិចតួច ឬជាជំងឺស្រាល គាត់មិនបញ្ជូនមកមន្ទីរពេទ្យធំយើងទេ អាចទៅកាន់មន្ទីរពេទ្យនៅក្បែរផ្ទះរបស់គាត់ ព្រោះចៀសវាងមនុស្សច្រើន តែករណីជំងឺធ្ងន់នៅតែមានចំនួនច្រើនដដែល៕