(ភ្នំពេញ)៖ លោក សោម អូន ប្រធានសហជីពជាតិកម្ពុជា បានបង្ហាញពីអត្ថប្រយោជន៍៣យ៉ាងធំៗរបស់ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ជួយដល់កម្មករ-និយោជិត។
លោក សោម អូន បានលើកឡើងថា ទិសដៅ៣យ៉ាងធំៗនោះរួមមាន៖ (ទី១)ជួយកម្មករនិយោជិតនៅពេលគ្រោះថ្នាក់ការងារ (បាននិងកំពង់តែអនុវត្ត )។ (ទី២)ជួយដល់កម្មករពេលពិនិត្យជំងឺ និង ព្យាបាលជំងឺដោយមិមបង់លុយ(នឹងអនុវត្តឆាប់ៗ) និង (ទី៣)ជួយផ្តល់ប្រាក់ខែដល់កម្មករនៅពេលកម្មករចូលនិវត្តន៏(នឹងអនុវត្តនៅឆ្នាំ២០១៧) ។
លោក សោម អូន បានបន្ថែមថា ការបង្កើតយន្តការ ប.ស.ស គឺជាជាប្រវត្តិសាស្ត្រនៅប្រទេសកម្ពុជាដែលពុំធ្លាប់មាន ហើយទើបតែមាន នៅក្នុងសម័យបច្ចុប្បន្ននេះទេ ដែលរាជរដ្ឋាភិបាលបានបង្កើតឡើងក្នុងគោលបំណងជួយផ្នែកសេវាថែទាំសុខភាព និងការពារដល់អាយុជីវិត កម្មករនិយោជិត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យដាក់ឱ្យអនុវត្ត របបថែទាំសុខភាពដល់កម្មករ និងកម្មការិនី សម្រាប់ឆ្នាំ២០១៦។ ការអនុវត្តរបបថែទាំសុខភាពដល់កម្មករនេះ គឺប្រគល់ភារកិច្ចឱ្យ ប.ស.ស នៃក្រសួងការងារ។ កម្មករ-កម្មការិនី នឹងទទួលសេវាពិនិត្យសុខភាព និងសេវាព្យាបាល ដោយឥតគិតថ្លៃពីមូលដ្ឋានសុខាភិបាលទាំងមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន ដែលបានចុះកិច្ចព្រមព្រៀងផ្តល់សេវាឱ្យ ប.ស.ស ។ រាល់ការចំណាយលើការទូទាត់សេវាមន្ទីរពេទ្យជាបន្ទុក ប.ស.ស៕