(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ជាខួប៥៨ឆ្នាំ (១៥ មិថុនា ២០២០-១៥ មិថុនា ១៩៦២) ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហុឡង់ បានសម្រេចឱ្យកម្ពុជាឈ្នះក្តីជាមួយប្រទេសថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ។ ពោលតុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។

ជុំវិញរឿងរ៉ាវប្រវត្តិសាស្រ្តនេះ Fresh News មានកិច្ចសម្ភាសមួយជាមួយ លោកបណ្ឌិត រស់ ចន្រ្តាបុត្រ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ ប្រវត្តិសាស្ត្រ និងជាទីប្រឹក្សាផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកចងក្រសៀវភៅប្រវត្តិសាស្រ្តមួយឈ្មោះ «ប្រាសាទព្រះវិហារ មោទនភាពជាតិខ្មែរ»។ ក្នុងកិច្ចសម្ភាសនេះ លោកបណ្ឌិត រស់ ចន្រ្តាបុត្រ បានលើកឡើងថា មានកត្តា៤សំខាន់ៗ ដែលធ្វើឱ្យកម្ពុជាឈ្នះថៃ រឿងប្រាសាទព្រះវិហារ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។

ខាងក្រោមនេះជាខ្លឹមសារនៃកិច្ចសម្ភាសរវាង Fresh News និង លោកបណ្ឌិត រស់ ចន្រ្តាបុត្រ ដូចតទៅ៖

១៖ Fresh News៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ជាខួប៥៨ឆ្នាំ (១៥ មិថុនា ២០២០-១៥ មិថុនា ១៩៦២) ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហុឡង់។ តើលោកបណ្ឌិតយល់ថា ១៥មិថុនា មានសារសំខាន់យ៉ាងណាសម្រាប់កម្ពុជា?

លោកបណ្ឌិត រស់ ចន្រ្តាបុត្រ៖ ចំណុចសំខាន់មានច្រើនចំពោះសាលដីកា «តុលាការយុត្តិធម៌អន្តរជាតិ» ទីក្រុងឡាអេ ប្រទេសហូល្លង់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ បានបញ្ជាក់ថា៖
ក៖ ប្រាសាទព្រះវិហារស្ថិតក្នុងអធិប តេយ្យភាពរបស់កម្ពុជា
ខ៖ កងប្រដាប់អាវុធ មានទាហាន នគរបាល ឆ្មាំ និងមន្ត្រីរាជការរបស់ថៃ ត្រូវតែចុះចាកចេញពីប្រាសាទព្រះវិហារ និង តំបន់ជិតជុំវិញ
គ៖ របស់របរមានសិលាចារឹក រូបបដិមា កុលភាជ្ជ និងវត្ថុបុរាណផ្សេងៗដែលថៃ បានលួចពីប្រាសាទព្រះវិហារ និងតំបន់ប្រាសាទព្រះវិហារ មុនឆ្នាំ១៩៥៤ ប្រទេសថៃត្រូវតែយកមកប្រគល់សងកម្ពុជាវិញ។

Fresh News៖ មានកត្តាអ្វីខ្លះដែលធ្វើតុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រេចកាត់ក្តីប្រគល់ប្រសាទព្រះវិហារនេះមកឱ្យកម្ពុជា?

លោកបណ្ឌិត រស់ ចន្រ្តាបុត្រ៖ កត្តាដែលផ្តល់យុត្តិធម៌ដល់កម្ពុជាមាន៖
* អនុសញ្ញាបារាំង- សៀម ឆ្នាំ១៩០៤
* សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧
* សន្ធិសញ្ញាទីក្រុង វ៉ាសីនតោន ឆ្នាំ១៩៤៦
* ផែនទីអន្តរជាតិបារាំង-សៀម ដែលចេញពីអនុសញ្ញា១៩០៤ និងសន្ធិសញ្ញា១៩០៧ និងដែលត្រូវបោះពុម្ភផ្សព្វផ្សាយជាផ្លូវការ ហើយមានការទទួលស្គាល់ពីភាគីសៀម។

Fresh News៖ យើងបានឃើញថា ទោះបីជាតុលាការយុត្តិធម៌អន្តរជាតិ បានកាត់ក្តីឱ្យកម្ពុជាឈ្នះថៃ ក្នុងរឿងក្តីប្រាសាទព្រះវិហារនេះក៏ដោយ ប៉ុន្តែហេតុអ្វីក៏កាលពីខែកក្កដា ឆ្នាំ២០០៨ ថៃបានលើកទ័ពមកតំបន់នេះជាថ្មី ដោយទាមទារយកផ្ទៃដីនៅជុំវិញប្រាសាទព្រះវិហារ ៤.៦គីឡូម៉ែត្រការ៉េ?

លោកបណ្ឌិត រស់ ចន្រ្តាបុត្រ៖ ទាំងអស់នេះជាលេសរបស់គណបក្សនយោបាយសៀម «បក្សប្រជាធិបតេយ្យ» ដែលដឹកនាំដោយ «អភិសិទវាចា ជីវ៉ា» ក្នុងឱកាសវាយប្រហារទៅលើបក្ស «ភឿថៃ» ដោយចោទប្រកាន់ថាបក្សនេះ លក់ខ្លួនគាំរដ្ឋាភិបាលកម្ពុជាក្នុងការ ស្នើសុំបញ្ចូល ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយចោទប្រកាន់ថាខ្មែរបានលួច យកទឹកដីសៀមចំនួន ៤.៦គ.ម២ ដូចនេះគឺ «អភីសីទ» ចង់អូសទាញប្រជាជនសៀមដាក់កំហុសទៅលើបក្សលោក «ថាក់ សីន សីណាវ៉ាត្រា»ថាជាក្រុមក្បត់ជាតិ ហើយបក្សខ្លួនអាចនឹងបានទទួលសំឡេងឆ្នោតច្រើនក្នុងការបោះឆ្នោតសភា។ ប៉ុន្តែលោក «សាម៉ាក់ស៊ុនដារាវេត» ដែលជានាយករដ្ឋមន្ត្រីសៀមក្នុងសម័យនោះ ( មកពីបក្សភឿថៃ បាននិយាយជាសាធារណៈថាៈ «ទង់ជាតិ ខ្មែរបានបក់លើកំពូលប្រាសាទព្រះវិហារ» ចំនួន៤៦ឆ្នាំមកហើយ។ ម្តេចទើបថ្ងៃនេះ ទើបតែនឹកឃើញចេញមលតវ៉ា។ ម្យាងវិញទៀត ភាគីសៀមបានគូរផែនទី ថ្មីមួយទៀតជាឯកតោភាគីយកមកធ្វើជាមូលដ្ឋានបង្កើតជម្លោះ។

Fresh News៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្ដរជាតិ បានបកស្រាយសាលដីកាឆ្នាំ១៩៦២ ឡើងវិញ និងបានសម្រេចថា កម្ពុជាមានអធិបតេយ្យភាពលើដែនដីទាំងមូលនៃតំបន់ប្រាសាទព្រះវិហារ និងសម្រេចឱ្យភាគីថៃ ដកកងកម្លាំងប្រដាប់អាវុធ និងឆ្មាំប្រាសាទទាំងអស់ចេញពីបរិវេណជុំវិញប្រាសាទ។ តើលោកបណ្ឌិតយល់ថា តើកម្ពុជា-ថៃ នឹងបិទបញ្ចប់ត្រឹមនេះទេ រឿងប្រាសាទព្រះវិហារនេះ?

លោកបណ្ឌិត រស់ ចន្រ្តាបុត្រ៖ ថ្ងៃ១១ វិច្ឆិកា ២០១៣ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានយកសាលដីកាឆ្នាំ១៩៦២ មកបកស្រាយតាមការស្នើរសុំរបស់កម្ពុជា និងសម្រេចឲ្យបង្កើតឲ្យមាន តំបន់គ្មានកងទ័ព។ តែប្រទេសថៃពុំបានគោរពអនុវត្តទៅតាមសាលដីកានេះទេ។ ជាពិសេស ក្នុងពេលដែលប្រទេសនេះកំពុងតែមាន វិបត្តិនយោបាយផ្ទៃក្នុង និងរដ្ឋប្រហារ។ ប្រទេសសៀម/ថៃ នៅតែចិញ្ចឹមចិត្តថា «ប្រាសាទព្រះវិហារខ្មែរ» ថាជាសម្បត្តិរបស់គេ។ ឯការអប់រំជាផ្លូវការវិញ ជាច្រើនឆ្នាំ និងច្រើនជំនាន់មកហើយ ដែលសៀមគេបង្រៀនកូនចៅគេឲ្យចងចាំថា «ប្រាសាទព្រះវិហារ» ជារបស់សៀម។ នៅរមណីយដ្ឋានគេមួយដែលមាឈ្មោះ «មឿងបុរាណ» ក្នុងខេត្តសមុទ្រព្រះកាន គេបានកសាងប្រាសាទព្រះវិហារខ្នាតតូចមួយដោយបញ្ជាក់ថាស្ថិតក្នុងខេត្តសៀម «សីសាកេត» ប្រទេសថៃ។ រមណីយដ្ឋាន «មឿងបុរាណ»នេះ គេតែងតែដឺកនាំសិស្ស និស្សិតរបស់គេ មកសិក្សាស្វែងយល់ជាទៀងទាត់ ក្នុងគោលដៅបណ្តុះទឹកចិត្តស្នេហាជាតិ៕