(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋក្របួចប្រគល់ឱ្យនគរបាលក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនជាតិបរទេសម្នាក់ ដែលកំពុងឈប់ម៉ូតូនិយាយទូរស័ព្ទ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១១៖៣០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ចាន់ សីហា អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះលេខ២៣១ ផ្លូវព្រះមុន្នីវង្ស ភូមិ៤ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានមុខរបរ អ្នកបិតតែមរថយន្ត។
បើតាមលោក សាល សណ្ដុះ នាយប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ បានឱ្យដឹងថា មុនកើតហេតុបុរសជនរងគ្រោះអាយុជាង ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានជិះម៉ូតូម៉ាកឃ្លីក ១គ្រឿងម្នាក់ឯង ធ្វើដំណើរតាមផ្លូវសុធារស ក្នុងទិសដៅពីត្បូង ទៅជើងមកស្តុបភ្លើងក្រហម ក៏ឈប់ហើយឆ្លៀតកាសយកទូរស័ព្ទឆាតរកមិត្តភ័ក្រ្ត ស្រាប់តែមានជនសង្ស័យជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ ១AA-៩៩២៦ បើកម្នាក់ឯងមកឈប់ក្បែររួចឆក់យកទូរស័ព្ទរងគ្រោះទូរស័ព្ទម៉ាកម៉ូតូរ៉ូឡា ១គ្រឿងយកបាត់ រួចក៏បុរសរងគ្រោះដេញតាមកៀរជនសង្ស័យដួលស្រែកផ្អើលប្រជាពលរដ្ឋជួយឃាត់បាន ហើយនគរបាលទៅដល់ឃាត់ខ្លួននាំមកសាកសួរនាំនៅស្នាក់ការប៉ុស្តិ៍។
បច្ចប្បន្ន ជនសង្ស័យនគរបាលឃាត់ខ្លួនបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រួមនឹងម៉ូតូជនសង្ស័យដែលធ្វើសកម្មភាព៕