(ប៉ៃលិន)៖ សមាជិកក្រុមប្រឹក្សាក្រុងប៉ៃលិន និងជាប្រធានសហគមន៍មៀនប៉ៃលិន លោក ស្រេង ស្រៀង បានបើកម៉ូតូ ទៅបុករថយន្តដឹកទឹកសុទ្ធ ដែលកំពុងចតលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់នៅវេលា ម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នៅចំណុចខាងលិចវត្តអូរប្រើស ស្ថិតលើផ្លូវជាតិលេខ៥៧ ភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក ស្រេង ស្រៀង អាយុ៦២ឆ្នាំ បើកម៉ូតូ Hongda Dream ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិនៈ 1A-1345 ចំណែកអ្នកបើកបររថយន្តកូរ៉េដឹកទឹកសុទ្ធ មិនទាន់ស្គាល់អត្តសញាណ បើកបររថយន្តកូរ៉េពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A-1345។
បើតាមសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តកូរ៉េមួយគ្រឿង ដឹកទឹកសុទ្ធពីរជាន់ ឈប់លើចិញ្ចើមផ្លូវជាតិ៥៧ វ៉ៃភ្លើងស៊ីញ៉ូ ស្របពេលនោះស្រាប់តែជនរងគ្រោះ បើកបរស្របទិសគ្នាមកពីក្រោយដឹកផ្លែល្ហុង បណ្ដាលឱ្យការុងច្រកផ្លែល្ហុង ទាក់នឹងដែករថយន្តខាងក្រោយ ធ្វើឱ្យមនុស្ស និងម៉ូតូដួលបោកខ្លួនលើផ្លូវជាតិ រួចមកក៏ជ្រុលប៉ះបោកទៅលើរថយន្ត បណ្ដាលឱ្យរងរបួសធ្ងន់។
ក្រោយមកបុរសរងគ្រោះ ក៏ត្រូវបានអ្នករត់ម៉ូតូឌុប ដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ខេត្តប៉ែលិន ប៉ុន្តែក្រោយពីគ្រូពេទ្យបានពិនិត្យមើលឃើញថា បុរសរងគ្រោះ មិនអាចព្យាបាលបានទេ ពីព្រោះខ្វះសម្ភារៈវះកាត់ ក៏ប្រាប់ឱ្យក្រុមគ្រួសារ បន្តយកជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង។
បន្ទាប់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការខេត្តប៉ៃលិន ចុះមកដល់ វាស់វែងនៅកន្លែងកើតហេតុរួចមក សមត្ថកិច្ចនគរបាលចរាចរណ៍ ស្នងការខេត្តប៉ៃលិន បានយករថយន្ត និងម៉ូតូទាំងពីរគ្រឿង យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ នៃស្នងការខេត្តប៉ៃលិន ដើម្បីរង់ចាំការដោះស្រាយ ពេលក្រោយទៅតាមផ្លូវច្បាប់៕