(ភ្នំពេញ)៖ នាថ្មីៗនេះសារមន្ទីរហ្គីម៉េប្រទេសបារាំង បានបញ្ជូនព្រះកេសរូបបដិមាព្រះហិរហរ មកឱ្យប្រទេសកម្ពុជាវិញ បន្ទាប់ពីព្រះកេសនេះ បានបាត់ពីដងខ្លួន អស់រយៈពេលជាង១៣០ឆ្នាំ។ ប្រទេសកម្ពុជា គ្រោងនឹងរៀបចំតភ្ជាប់ ព្រះកេសទៅនឹងដងខ្លួន រូបបដិមាខាងលើ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ។
កាលពីម្សិលមិញ AKP បានដកស្រង់សម្តី អ្នកនាំពាក្យក្រសួងវប្បធម៌ លោក ថៃ នរៈសត្យា លើកឡើងថា ការជួបគ្នាវិញរវាងព្រះកេស និងដងខ្លួននេះ គឺជាការនាំយកមកវិញ នូវព្រលឹងរបស់ជាតិ ព្រលឹង វប្បធម៌ ព្រលឹងអាទិទេព ព្រលឹងវត្ថុបុរាណ ដែលបានបែកគ្នា រយៈកាលដ៏យូរអង្វែងមួយ។
ពិធីប្រគល់-ទទួល និងពិធីតភ្ជាប់ជាមួយដងខ្លួន ព្រះហរិហរឡើងវិញ គ្រោងធ្វើជាផ្លូវការនៅសារមន្ទីរជាតិ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ខាងមុខនេះ៕