(ភ្នំពេញ)៖ ទៀនព្រះវស្សាចំនួន២៦គូ រួមទាំងគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈជាច្រើនមុខ ប្រេងកាត និងបច្ច័យ ជាថវិកាក្នុងមួយវត្តៗ ចំនួន៥០ម៉ឺនរៀល ដែលជាអំណោយដ៏សប្បុរសធម៌បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសប្បុរសជននានា ត្រូវបានឧត្តមសេនីយ៍ឯក ស៉ិន ស៊ន និងឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន រួមទាំងនាយទាហាន នៃបញ្ជាការដ្ឋានកងឯកភាពអង្គរក្ស សម្តេចតេជោនាយករដ្ឋមន្រ្តី នាំយកទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងទីអារាមចំនួន១៣ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។
ទីអារាមទាំង១៣ ដែលទទួលបានទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ បច្ច័យ ភេសជ្ជៈ និងប្រេងកាត រួមមាន៖ វត្តព្រែកតាទែន វត្តវាំងចាស់ វត្តភ្នំប្រសិទ្ធ វត្តរលាំងកំពូល វត្តត្បូងដំរី វត្តក្រពើហារ វត្តតាខ្មៅ វត្តព្រែកសំរោង ខេត្តកណ្តាល វត្តច័ន្ទបុរីវង្ស វត្តបុទុមវតី វត្តលង្កា វត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត រាជធានីភ្នំពេញ។ ពិធីនេះ បានធ្វើព្រមៗគ្នា នៅទីអារាមវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត ក្រោមវត្តមានសម្តេចព្រះសក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន សមាជិកថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះអនុគុណខណ្ឌសែនសុខ និងជាព្រះចៅអធិការវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត។ ទៀនវស្សា គឺជាពិធីសាសនាមួយរបស់ព្រះពុទ្ធសាសនា ដែលមានអាយុកាលដ៏យូរលង់ណាស់មកហើយ ពោលគឺធ្វើឡើងពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ឆ្នាំជូនជារៀងរាល់ឆ្នាំ។
ឧត្តមសេនីយឯក ស៉ិន ស៊ន បានឲ្យដឹងដែរថា ជារៀងរាល់ឆ្នាំសម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត តែងតែចាត់តាំងឲ្យរូបលោក និងសហការីទាំងអស់ នៃបញ្ជាការដ្ឋានអង្គរក្ស នាំយកនូវទៀនព្រះវស្សា បច្ច័យ រួមទាំងគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងប្រេងកាត យកមកវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីអារាមទាំង១៣នេះ មិនដែលអាក់ខានម្តងណាឡើយ ដោយសាតែទីអារាមទាំងនេះ មានការលំបាកខ្វះខាត និងស្ថិតនៅតំបន់ជនបទឆ្ងាយដាច់ស្រយាល។
លោកឧត្តមសេនីយ៍ឯក ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ប្រគេន និងជូនចំពោះព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចំណុះជើងវត្តទាំង១៣ ដែលបានខិតខំថែរក្សាការពារ និងកសាងនូវសមិទ្ធផលនានាក្នុងទីអារាមនីមួយៗ មានការរីកចម្រើនយ៉ាងឆាប់រហ័សពីមួយៗទៅមួយឆ្នាំ ដែលនោះបង្ហាញពីការគោរពស្រឡាញ់ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន រវាងព្រះសង្ឃ និងគ្រហត្ថ ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរឹងមាំ និងដើម្បីជាសក្ខីភាព នៃការគោរពប្រតិបត្តិរបស់ព្រះសង្ឃ ពុទ្ធបរិស័ទជាយូរអង្វែងតរៀងទៅ។
ជាមួយនឹងម្នុញផលកើតចេញពីទឹកចិត្តជ្រះថ្លានោះ សម្តេចព្រះសក្យមុនីកិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន សមាជិកថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះអនុគុណខណ្ឌសែនសុខ និងជាព្រះចៅអធិការវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត តំណាងឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំង១៣ បានលើកឧទ្ទិសបួងសួងដល់វត្ថុសក្តិសិទ្ធទេវតាថែរក្សាក្នុងលោក សូមតាមជួយប្រោសព្រំបីបាច់ថែរក្សាការពារ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងបុត្រាបុត្រី និងចៅៗទាំងអស់របស់សម្តេចទាំងទ្វេ សូមមានសុខភាពល្អ កម្លាំងមាំមួន អាយុយ៉ឺនយូរ មានប្រាជ្ញាស្មារតីភ្លឺថ្លា ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំ រាជរដ្ឋាភិបាល និងស្ថាប័នមនុស្សធម៌កាកបាទក្រហមកកម្ពុជា ឲ្យកាន់តែរីកចម្រើនរឹងមាំជានិច្ចនិរន្តតរៀងទៅ។
ជាមួយមនុញ្ញផលកើតចេញពីទឹកចិត្តជ្រះថ្លានោះដែរ សម្តេចព្រះសក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន បានលើកឧទ្ទិសដល់វិញ្ញាណក្ខន្ធឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានទទួលមរណភាព លាចាកលោកហើយនោះ បានយោងយិតទៅចាប់បដិសន្ធិនៅឋានសួគ៌ា បរមសុខគ្រប់ប្រការ និងបានលាចាកផុត ពីទុក្ខទោសផងទាំងពួងចាប់ពីពេលនេះតរៀងទៅ។ នៅក្នុងពិធីតាមបែបសាសនានោះដែរ បញ្ជាការដ្ឋានកងឯកភាពអង្គរក្សសម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញបួងសួងតាមទីសក្ការៈនានា ក្នុងវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត និងចានដោះលែងសត្វចាប ប៉េងប៉ោង និងផ្តល់ចំណីត្រី អណ្តើក ក្នុងអាងទឹក នៃវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែតផងដែរ៕