(ភ្នំពេញ)៖ ជនសង្ស័យ៥នាក់ ដែលមានបុរសម្នាក់ និងស្ត្រី៤នាក់ រួមទាំងវត្ថុតាងជាក់ស្តែងថ្នាំញៀន ១៥កញ្ចប់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ បង្ក្រាបនៅនឹងកន្លែង។
លោក ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះថា ការចុះបង្ក្រាបករណីជូញដូរគ្រឿងញៀនេះ ធ្វើឡើងនាចំណុចកន្លែងចាក់សំរាមស្ទឹងមានជ័យ ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ម្សិលមិញ ក្រោមការបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ដឹកនាំបង្ក្រាបដោយរូបលោក និងមានការសម្របសម្រួលនីតិវិធី ដោយលោកព្រះរាជអាជ្ញាររង អ៊ុំ សុភក្តិ ។
នាយករងមន្ទីរប្រឆាំងគ្រឿងញៀនរូបនេះ បានបញ្ជាក់ទៀតថា ទីតាំងដែលបង្ក្រាបគ្រឿងញៀនខាងលើនេះ កម្លាំងសមត្ថកិច្ចនៃការិយាល័យ ក៤ របស់មន្ទីរប្រឆាំងគ្រឿងញៀន ធ្លាប់បានបង្ក្រាបចំនួន២ដងរួចមកហើយ ប៉ុន្តែម្ចាស់ទីតាំងនៅតែគឃ្លឺនទៀត។ បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ កំពុងស្ថិតក្រោមប្រតិបត្តិ របស់សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿង ដើម្បីស្រាវជ្រាវ និងស្វែងរកបក្ខពួកបន្ថែមទៀត៕