(ភ្នំពេញ)៖ យុវជនពីរនាក់បានរងរបួស និងអះអាងថា ត្រូវជនសង្ស័យមួយក្រុមមានគ្នា ប្រមាណ៥នាក់ បានស្ទាក់វាយប្លន់យកម៉ូតូ Dream C125 មួយគ្រឿង បានសម្រេចនៅត្រង់ ចំណុចស្ថានីយ៍ បូមទឹកបឹងទំពុន ភូមិត្នោតជ្រុំទី៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ នៅវេលាម៉ោង១៖៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦។
យ៉ាងណាក៏ដោយករណីនេះត្រូវបានអធិការ នគរបាលខណ្ឌមានជ័យ លោក តេង ស៊ីណូ បានបញ្ជាក់ថា ជារឿងទំនាស់គ្នាពេលចេញពីក្លឹប។
ជនរងគ្រោះម្នាក់ បានប្រាប់ភ្នាក់ងារ Fresh News ថា មុនកើតហេតុពួកគេទាំងពីរនាក់ បានចូលទៅរាំលេងនៅក្នុងក្លឹប លុះដល់វេលាយប់ជ្រៅ ពេលនាំគ្នាចេញពីក្លឹបត្រឡប់ទៅផ្ទះវិញ ដោយជិះ តាមផ្លូវ៣៧១ ទិសដៅពីកើតទៅលិច។
លុះជិះចេញពីក្លឹបបានប្រមាណ៥០០ម៉ែត្រ ពោលពេលមកដល់ត្រង់ស្ថានីយ៍បូមទឹកបឹងទំពុន ក៏លេចមុខក្រុមជនសង្ស័យទាំងនោះ មកស្ទាក់វាយប្លន់យកម៉ូតូតែម្តង។ បន្ទាប់ពីត្រូវក្រុមចោរវាយប្លន់យកម៉ូតូ ទៅបាត់ហើយ ជនរងគ្រោះបានស្រែកហៅ ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ឲ្យមកជួយ តែប្រជាពលរដ្ឋបានត្រឹមតែនាំគ្នា ចេញមកឈរ និងណែនាំជនរគ្រោះ ឲ្យទៅដាក់ពាក្យបណ្តឹង នៅកន្លែងសមត្ថកិច្ច។
លោក តេង ស៊ីណូ បានប្រាប់អង្គភាព Fresh News ថា ករណីនេះត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន ជនបង្កម្នាក់យកទៅសួរនាំបាត់ហើយ។ បើតាមអធិការខណ្ឌមានជ័យរូបនេះ តាមការសួរនាំជាជំហានដំបូង ករណីនេះមិនមែនជាប្លន់នោះទេ គឺជារឿងជម្លោះនៅក្នុងក្លឹប ហើយពេលចេញមកវិញ ក៏កើតរឿងដេញ និងស្ទាក់វាយគ្នាតែម្តង ប៉ុន្តែយ៉ាងណានោះ គឺស្ថិតនៅក្រោមការសួរនាំ របស់អាវុធហត្ថ។
ចុងក្រោយជនរងគ្រោះទាំងពីរនាក់ ក៏នាំគ្នាទៅដាក់ពាក្យបណ្តឹង នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌមានជ័យ ឲ្យជួយរកក្រុមជនសង្ស័យ ដែលធ្វើការវាយប្លន់យកម៉ូតូ របស់ខ្លួននោះ៕