(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំនៅកម្ពុជា បានបង្ហាញជំហរសម្តែងនូវការគាំទ្រ កិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យវិនិយោគ និងយុត្តិធម៌ ឲ្យកាន់តែទូលំទូលាយ។
ជំហរនេះ បានធ្វើឡើងនារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសដែលលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាកិច្ចការមួយចំនួន ជាមួយលោកឯកអគ្គរដ្ឋទូតទីម័រខាងកើតនៅកម្ពុជា និងមន្ត្រីស្ថានទូត នៅទីស្តីការក្រសួង។
យោងតាមការផ្សាយរបស់ក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការគាំទ្រក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យវិនិយោគ និងវិស័យយុត្តិធម៌ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត»។
នៅក្នុងជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរបានស្វែងយល់ និងចែករំលែកព័ត៌មាន ក៏ដូចជាបទពិសោធ របស់ប្រទេសទាំងពីរនៅក្នុងបរិបទប្រវត្តិសាស្រ្ត សេដ្ឋកិច្ច និងប្រព័ន្ធតុលាការ ជាពិសេសពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងការស្តារនីតិសម្បទា។ លោកឯកអគ្គរដ្ឋ ទូតបានសម្តែងនូវការស្ងើចសរសើរចំពោះកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាថ្នាក់ដឹកនាំកំពូលដែលមានភាពប៉ិនប្រសប់ និងភាពឈ្លាសវៃក្នុងការផ្សះផ្សាបង្រួបបង្រួមជាតិ និងបានដឹកនាំប្រទេសសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់គួរឲ្យកត់សម្គាល់ ហើយលោកក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចជាកាល តែងតែគាំទ្រសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចំពោះសំណើរចូលជាសមាជិកអាស៊ានទី១១។
ទនឹ្ទមនេះ លោករដ្ឋមន្រ្តីក៏ថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូត ព្រមទាំងបង្ហាញនូវការរំពឹងទុកជាវិជ្ជមានចំពោះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នាពេលខាងមុខផងដែរ៕