(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «សក្ដានុពលនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្ដរជាតិ ដែលមានការទាក់ទងនឹងភូតគាមអនាម័យ» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណៈឲ្យបានយល់ច្បាស់ពីសកម្មភាព អំពីផលិតភាពកសិកម្មរបស់កម្ពុជា ដែលមានសក្ដានុពលសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្ដរជាតិ ក្នុងឱកាសកាលានុវត្តភាពជំរុញឲ្យបាននូវកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាភាពល្អប្រសើរឡើងវិញ នៃជីវភាពរស់នៅរបស់ប្រជាកសិករកម្ពុជា។
ក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា សន្និសីទសារព័ត៌មាននេះ មានការសម្របសម្រួលពី លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងមានការអញ្ជើញចូលរួមជាវាគ្មិនពី លោក ងិន ឆាយ ប្រតិភរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម៕