(សិង្ហបុរី)៖ សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ បានបង្ហោះសារ អមដោយរូបភាពជាច្រើនសន្លឹក ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពេលកំពុងស្ថិតក្នុងមន្ទីរពេទ្យ នៃប្រទេសសិង្ហបុរី ដើម្បីពិនិត្យសុខភាព តាមការតម្រូវរបស់គ្រូពេទ្យជាប្រចាំឆ្នាំ។
ក្នុងឱកាសពិនិត្យជំងឺនោះ សម្តេចតេជោ បានឈ្លៀតពេលសរសេរសារ អំណរគុណដល់បងប្អូនជនរួមជាតិ ដែលបានជូនពរសម្តេច នៅពេលដែលសម្តេច កំពុងពិនិត្យជំងឺនៅប្រទេសសិង្ហបុរី ហើយថា ថ្ងៃនេះការពិនិត្យជំងឺត្រូវបន្ត តាមកម្មវិធីរបស់គ្រូពេទ្យដែលបានកំណត់។
សម្តេចបានសរសេរសារបង្ហោះក្នុង Facebook Page ថា «ក្នុងបងប្អូនជនរួមជាតិជាទីស្រឡាញ់ ! ខ្ញុំសូមអរគុណ ចំពោះបងប្អូនដែលបានជូនពរខ្ញុំ នៅពេលដឹងថា ខ្ញុំកំពុងពិនិត្យសុខភាពនៅសិង្ហបុរី។ ការជូនពរនេះជាការបញ្ជាក់ ពីការស្រឡាញ់រាប់អាន របស់បងប្អូនចំពោះខ្ញុំ។ នៅថ្ងៃនេះការពិនិត្យនឹងត្រូវ បន្តតាមកម្មវិធីរបស់គ្រូពេទ្យ ដែលបានកំណត់។ ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិ សូមជួបតែសំណាងល្អ»។
សូមជម្រាបថា សម្តេតេជោ ហ៊ុន សែន បានចាកចេញពីកម្ពុជា ទៅពិនិត្យជំងឺនៅប្រទេសសិង្ហបុរី នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ម្សិលមិញ។ សម្តេចតេជោ បញ្ជាក់ថា ការចេញទៅពិនិត្យសុខភាពលើកនេះ ពុំមានជំងឺអ្វីធ្ងន់ធ្ងរទេ គ្រាន់តែជាការទៅពិនិត្យ តាមតម្រូវការរបស់គ្រូពេទ្យ ដែលកំណត់ឲ្យត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ មួយឆ្នាំម្តងៗប៉ុណ្ណោះ ហើយសម្តេចនឹងវិលត្រឡប់ មកប្រទេសកម្ពូជាវិញនៅថ្ងៃទី២១ មករា ប្រសិនគ្រូពេទ្យអនុញ្ញាត៕