(ភ្នំពេញ)៖ រហូតមកដល់ពេលនេះ ការស្ថាបនាប្រព័ន្ធប្រឡាយស្ទឹងមានជ័យ ចាប់ពីគល់ស្ពានស្ទឹងមានជ័យ ដល់ប្រឡាយដើមស្លែង សម្រេចបានប្រមាណ៩០ភាគរយ ដែលគ្រោងនឹងបញ្ចប់នាពេលឆាប់ៗយ៉ាងមុខនេះ ដើម្បីបញ្ជៀសការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
ប្រឡាយស្ទឹងមានជ័យ ដែលប្រឡាយចំណាស់មួយនៅក្នុងរាជធានីភ្នំពេញ ដែលកន្លងទៅរងការរំលោភបំពានស្ទើរទាំងស្រុង ពីប្រជាពលរដ្ឋដែលរស់នៅ អមមាត់ប្រឡាយនេះ ប៉ុន្ដែក្រោយមកត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង រំដោះបានមកវិញ និងផ្ដល់ដំណោះស្រាយមួយសមស្របជូនប្រជាពលរដ្ឋ ដោយត្រូវអភិវឌ្ឍន៍នៅនឹងកន្លែងតែម្ដង។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ បានអះអាងថា ប្រឡាយស្ទឹងមានជ័យ គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង អំឡុងប្រមាណកន្លះខែ ឬមួយខែទៀតប៉ុណ្ណោះ ខណៈពេលបច្ចុប្បន្នតំបន់ប្រឡាយនេះ លែងមានភាពអាប់អ៊ួរដូចមុនទៀតនោះឡើយ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ឃួង ស្រេង បានអះអាងថា បន្ទាប់ពីគម្រោងនេះត្រូវបានបញ្ចប់ អាជ្ញាធរនឹងបន្ដគម្រោងអភិវឌ្ឍន៍ជាបន្ដបន្ទាប់ទៀត ដោយគ្រោងនឹងសាងសង់អាងប្រព្រឹត្តកម្មទឹកស្អាត នៅតំបន់នេះ ដើម្បីឲ្យទឹកនោះក្លាយជាទឹកស្អាត អាចប្រើប្រាស់បានស្រោចស្រពដំណាំបាន។
លោក ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា «ពីដើមជិះកាត់ស្ទឹងមានជ័យពិបាកដកដង្ហើម ខ្វះខ្យល់ដកដង្ហើមតែឥលូវនេះបានធូរស្រាលហើយ យើងនឹងគិតគូរពីបញ្ហានេះបន្ដទៀត ជាជំហ៊ានៗ គឺគិតអំពីបញ្ហាសាងសង់អាងប្រព្រឹត្តកម្ម ដើម្បីធ្វើយ៉ាងណាឲ្យទឹកលូស្ទឹងមានជ័យ ក្លាយទៅជាទឹកស្អាត ដែលអាចយកស្រោចដំណាំបាន ដែលនេះជាជំហ៊ានបន្ទាប់ទៀតដែលយើងត្រូវធ្វើការអភិវឌ្ឍជូនប្រជាជន»។
បើតាមលោក ឃួង ស្រេង គុណសម្បត្តិធំបំផុត នៃការស្ដារឡើងវិញនូវប្រឡាយស្ទឹងមានជ័យ ពីការរំលោភបំពាននេះ គឺការរំដោះទឹកពីសាលាក្ដីខ្មែរក្រហម ដែលហូរធ្លាក់មករាជធានីភ្នំពេញ ពោលនៅតំបន់ស្ទឹងមានជ័យនេះតែម្ដង។
អភិបាលរាជធានីភ្នំពេញរូបនេះ បានអះអាងទៀតថា ប្រឡាយស្ទឹងមានជ័យ ដែលរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងធ្វើការអភិវឌ្ឍ នេះឆ្លងកាត់ខណ្ឌចំនួន២ គឺខណ្ឌមានជ័យ និងខណ្ឌសែនសុខ ដែលមានប្រជាពលរដ្ឋរស់នៅ និងរងផលប៉ះពាល់ប្រឡាយនេះជាង៥០០គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះ នឹងទទួលបានដីទំហំ៤គុណនិង៦ម៉ែត្រ ជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។
ប្រឡាយស្ទឹងមានជ័យ បានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទំលាក់ចូលទៅបឹងទំពុន។ ជាគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ ចិញ្ចើម២ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះ និងក្រោយផ្ទះកន្លះម៉ែត្រ៕