(ព្រៃវែង)៖ រថយន្តធុនធំចំនួន៣គ្រឿង ដឹកឈើប្រណិតពេញមានបំណងលោតឆ័ត្រ ទៅកាន់ប្រទេសវៀតណាមនោះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ ស្ទាក់និងបង្ក្រាបបាន នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅលើផ្លូវជាតិលេខ១១ នៅភូមិពានា ឃុំអំពិលក្រៅ ស្រុកស៊ីធរ កណ្តាល ខេត្តព្រៃវែង។
មេបញ្ជាការអាវុធហត្ថខេត្តព្រៃវែង ឧត្តមសេនីយ៍ ម៉ែន ស៊ីប៊ន បានបញ្ជាក់ថា ក្រោមបញ្ជាផ្ទាល់ពីមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា នោះកម្លាំងរបស់លោកសហការជាមួយខាងត្បូងឃ្មុំ ដេញបង្ក្រាបបានរថយន្តដឹកឈើខុសច្បាប់(ឈើប្រណិត) ដែលបើករត់គេចពីសមត្ថកិច្ចខេត្តត្បូងឃ្មុំ បានចំនួន០៣ឡាន(រថយន្តធំកង់១០)។
លោកឧត្តមសេនីយ៍ ម៉ែន ស៊ីប៊ន បានបញ្ជាក់ទៀតថា រថយន្តទាំង៣គ្រឿងនេះត្រូវបានប្រគល់ទៅឲ្យរដ្ឋបាលព្រៃឈើ ខេត្តព្រៃវែង ដើម្បីត្រួតពិនិត្យនៅពេលក្រោយ។
នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មាការបង្ក្រាបបទល្មើសព្រៃឈើ បានបញ្ជាឲ្យបិទច្រកព្រំដែនទំាំងអស់ជាប់ព្រំដែនប្រទេសវៀតណាម មិនឲ្យមានការដឹកជញ្ជូនឈើចេញនោះឡើយ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃសុក្រ ទី១៥ ខែមករា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធរួមគ្នាបង្រ្កាបបទល្មើសព្រៃឈើ ជាពិសេសជំនួញឈើទៅប្រទេសវៀតណាម។
សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ជាអនុប្រធាន លោក ឆេង គឹម ស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ លោក ផៃ ប៊ុនឈឿន តំណាងក្រសួ ងបរិស្ថាន រួមនិងអភិបាលខត្ត ត្បូងឃ្មុំ ក្រចេះ កំពង់ចាម មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ជាសមាជិក។
ក្រោយការដាក់ចេញបទបញ្ជារបស់នាយករដ្ឋមន្រ្តី គេសង្កេតឃើញថា កម្លាំងសមត្ថកិច្ចនៅក្នុងតំបន់សម្បូរបទល្មើសព្រៃឈើ បានចុះទៅបង្រ្កាប យ៉ាងសស្រាក់ សស្រាំ និងរឹបអូសឈើបានយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ៕