(ស្ទឹងត្រែង)៖ ស្ថិតនៅក្នុងឱកាសដ៏មហាជ័យមង្គលប្រពៃថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ យាងចូល៨៥ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នាពេលខាងមុខនេះ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំគណៈអភិបាល សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រៀបចំពិធីប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ តាមបែបព្រះពុទ្ធសាសនា នៅវត្តស្រះកែវមុនីវណ្ណ ហៅវត្តលើ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ។

ក្នុងនាមគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហកម្ពុជាខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានសម្តែងក្តីអំណរសាទររីករាយ ឥតឧបមាប្រកបដោយ ទឹកចិត្តកតញ្ញូតាធម៏ ដ៏ជ្រាលជ្រៅថ្វាយចំពោះសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេក្តីថ្លៃថ្នូរ និងសុភមង្គលដែលព្រះអង្គ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយពល ព្រះបញ្ញាញ្ញាណដ៏ឈ្លាសវៃ និងព្រះរាជទ្រព្យផ្ទាល់ខ្លួន ក្នុងបុព្វហេតុសង្គម និងសាសនា ជាពិសេសព្រះរាជសកម្មភាព ក្នុងបុព្វហេតុមនុស្សធម៍ ជួយដល់ប្រជារាស្រ្ត ជាកូន ជាចៅ ចៅទូត ចៅលូតរបស់ព្រះអង្គដែលជួបប្រទះការលំបាក ដោយសារគ្រោះធម្មជាតិ និងគ្រោះមន្តរាយផ្សេងៗ។

ក្នុងឱកាសដ៏ថ្លៃថ្លានេះលោក ម៉ុម សារឿន បានគោរពថ្វាយសម្តេចព្រះមហាក្សត្រីនូវព្រះមហាសព្ទសាធុការពរបវរសួស្តី មហាសិរីមង្គល វិបុលសុខ និងសូមបួង ដល់គុណព្រះរតនៈត្រ័យ ទសបារមី ទេវតារក្សាព្រះមហាស្វេតច្ជ័ត្រ បារមីព្រះវិញ្ញាណក្ខ័ន អតីតព្រះមហាក្សត្រ មហាក្សត្រីយានីប្រោសព្រំថែរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេក្តីថ្លៃថ្នូរ និងសុភមង្គល សូមព្រះអង្គមានព្រះសុខុមាលភាពបរិបូណ៌ ព្រះកាយពលាមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងសូមទ្រង់ប្រកបតែព្រះពុទ្ធពរទាំងប្រការគឺ អាយុ វណ្ណៈ សុខពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបជូនថា ទេយ្យទាន ដែលបានប្រគេនដល់ព្រះសង្ឃ ក្នុងពិធីនេះមាន អង្ករ ១២០គីឡូក្រាម មី៤កេស ត្រីខ ៤យួរ ទឹកបរិសុទ្ធ ២កេស ប្រគេនជូនព្រះមេគុណខេត្ត នូវទេយ្យទាន ១កញ្ចប់ បច្ច័យ ១០០,០០០រៀល ប្រគេនជូនគណ:មន្ត្រីសង្ឃ៦ព្រះអង្គ ទេយ្យទាន១កញ្ចប់ ថវិកា ៥០០,០០០រៀល ជូនយាយជី តាជី ២៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២០,០០០រៀលផងដែរ៕