(កណ្តាល)៖ ដោយមានការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចដឹកនាំដោយលោក មួង ដារ៉ា ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិជ្រៃធំ, លោកវរសេនីយ៍ទោ វង្ស ចាន់ នាយនគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិជ្រៃធំ និងលោក សែ ជុនទ្រី ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិជ្រៃធំខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បន្តចុះពិនិត្យគុណភាពបន្លែគ្រប់ប្រភេទ ដែលនាំពីប្រទេសវៀតណាមចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិជ្រៃធំ ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
ក្នុងកិច្ចសហប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញបន្លែចំនួន៥មុខ ក្នុងចំណោមបន្លែទាំង២២មុខ ដែលក្រុមអាជីវករខ្មែរនាំពីប្រទេសវៀតណាមចូលមកកម្ពុជានេះ មានផ្ទុកកាកសំណល់ថ្នាំ សម្លាប់សត្វល្អិត។ ជាមួយគ្នានេះ សមត្ថកិច្ចបានពន្យល់ណែនាំ និងហាមមិនឲ្យក្រុមអាជីវករខ្មែរ នាំបន្លែដែលមានសារធាតុកាកសំណល់ថ្នាំសម្លាប់សត្វល្អិត ធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ ចូលមកប្រទេសកម្ពុជាជាដាច់ខាត។
លោក មួង ដារ៉ា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា ក្រោយពិនិត្យកម្លាំងសមត្ថកិច្ចបានរកឃើញបន្លែចំនួន៥ប្រភេទ មានផ្ទុកកាកសំណល់ថ្នាំសម្លាប់សត្វល្អិតរួមមាន៖ បន្លែស្ពៃបូកគោ, បន្លែពោតបារាំង, បន្លែផ្កាគូឆាយ, ផ្លែល្ពៅ និងក្រូចឆ្មារតូច។
លោក មួង ដារ៉ា បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ដោយមានការអញ្ជើញពីសាខាគយ និងរដ្ឋាករខេត្តកណ្តាល មន្រ្តីឯកទេស នៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្រ្កាបការក្លែងបន្លំ (កបប) (អតីតកាំកុងត្រូល) បានសហការជាមួយការិយាល័យគយ និងរដ្ឋាករជ្រៃធំ ត្រួតពិនិត្យគុណភាព និងសុវត្ថិភាពបន្លែ ផ្លែឈើដែលនាំចូលពីប្រទេសវៀតណាម តាមមាត់ច្រកការិយាល័យគយ និងរដ្ឋាករជ្រៃធំ។
ក្នុងកិច្ចសហការនេះ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានយករថយន្តបំពាក់ដោយឧបករណ៍វិភាគទៅដល់ទីតាំងត្រួតពិនិត្យ នៃការិយាល័យគយ និងរដ្ឋាករជ្រៃធំតែម្តង។
តាមការវិភាគលើបន្លែចំនួន២២មុខ រួមមាន៖ ស្ពៃបូកគោ, ត្រសក់, ស្ពៃក្ដោប, ត្របវែង, ប៉េងប៉ោះ, ផ្កាខាត់ណា, ពោតបារាំង, ផ្កាស្នោរ, ក្រូចឆ្មារ, ឃ្លោក, ម្រះ, ម្ទេស, ត្របស្រួយ, ល្ពៅ, ននោង, សណ្ដែកបារាំង, ក្រូចឆ្មារតូចសម្រាប់ធ្វើតែជ្រក់, ស្លឹកខ្ទឹម, ម្ទេសប្លោក, ប៉េងប៉ោះខៀវ, ផ្កាគូឆាយ និងផ្កាឡៃហៀង ក្នុងនោះរកឃើញបន្លែចំនួន០៦មុខ រួមមាន៖ ស្ពៃបូកគោ, ផ្កាខាត់ណា, ពោតបារាំង, ក្រូចឆ្មារតូច (សម្រាប់ធ្វើតែជ្រក់), ផ្លែល្ពៅ និងផ្កាគូឆាយ មានផ្ទុកកាកសំណល់ថ្នាំសម្លាប់សត្វ ល្អិត គ្មានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ និងមិនអនុញ្ញាតឱ្យនាំចូលជាបណ្តោះអាសន្ន រហូតដល់ពិនិត្យឃើញថា មានសុវត្ថិភាពសម្រាប់ប្រើប្រាស់ទើបអនុញ្ញាតឲ្យនាំឡើងវិញ។
ក្រៅពីនេះពុំឃើញមានជាតិគីមីពុល និងខូចគុណភាពដែលនាំឱ្យប៉ះពាល់ដល់សុខភាពឡើយ ពោលគឺគុណភាពល្អ និងមានសុវត្ថិភាពសម្រាប់បរិភោគ។ លោក មួង ដារ៉ា បានបញ្ជាក់ទៀតថា ការអនុវត្តចាប់បន្លែនេះ កម្លាំងមិនត្រឹមតែចាប់ដកហូតបន្លែយកទៅដុតចោលប៉ុណ្ណោះទេ គឺថែមទាំងបានហៅម្ចាស់ធ្វើកិច្ចសន្យាបញ្ឈប់ការនាំចូលនូវបន្លែប្រភេទហាមឃាត់នេះ។ ប៉ុន្តែប្រសិនបើថ្ងៃ ក្រោយ នៅតែនាំបន្លែប្រភេទនេះមកកម្ពុជាទៀត លោកនឹងបញ្ឈប់ឲ្យមានការរកស៊ីនាំបន្លែចូលមកកម្ពុជាតែម្តង៕