(ប៉ៃលិន)៖ ក្នុងឱកាសអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានលើកឡើងថា ដោយសាររដូវនេះ ជារដូវមានភ្លៀងធ្លាក់ច្រើន និងលាយឡំជាមួយខ្យល់កន្ត្រក់ ផ្គរ រន្ទះ ដែលងាយបង្កការគ្រោះថ្នាក់កើតឡើង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសកូនចៅតូចៗ ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងសេចក្តីសុខក្រុមគ្រួសារទាំងមូល។

លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា គ្រោះថ្នាក់ធម្មជាតិ គឺតែងតែកើតមានឡើងជាយថាហេតុ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ និងប្រញ៉ាប់រាយការណ៍មកកាន់ អាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុតឲ្យបានលឿន ដើម្បីឱ្យក្រុមការងារ ចុះទៅជួយអន្តរាគមន៍ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ឱ្យបានទាន់ពេលវេលា ក្នុងការចូលរួមសម្រាលការខ្វះខាតនានាជាបណ្តោះអាសន្ន។

លោក ផាន់ ចាន់ធុល បានបន្តថា «បើទោះបីជាអំណោយសង្គ្រោះបន្ទាន់ទាំងនេះ មិនអាចបំពេញតាមតំរូវការ និងការលំបាករបស់បងប្អូនក៍ពិតមែន តែក៏អាចដោះស្រាយបានមួយរយៈពេលផងដែរ ដូច្នេះសូមលោកតា លោកយាយ អ៊ុពូមីង និងបងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិត ដូចជាការបង្ករបង្កើនផលដាំដំណាំ និងការចិញ្ចឹមសត្វលក្ខណៈគ្រួសារឱ្យបានកាន់តែច្រើន ដើម្បីលើកកម្ពស់ជីវភាពឱ្យបានប្រសើជាងមុន»

នៅក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវរស់នៅមានអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងនៅពេលចេញទៅខាងក្រៅ ហើយប្រសិនបើមានសាច់ញាតិទើបត្រលប់មកពីក្រៅប្រទេស ត្រូវធ្វើការពន្យល់ និងអប់រំពួកគាត់ ព្រមទាំងដាក់ខ្លួននៅដាច់ដោយឡែក រយះពេល១៤ថ្ងៃសិន ចាំចូលមកស្និតស្នាលជាមួយជាមួយសាច់ញាតិក្រុមគ្រួសារ ឬបងប្អូននៅមូលដ្ឋាន ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅសហគមន៍ ហើយបើមានអាការៈសង្ស័យណាមួយត្រូវប្រញាប់មកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមមកលេខ ១១៥។

សូមរំលឹកថា កាលពីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តប៉ៃលិន មានភ្លៀងធ្លាក់យ៉ាងខ្លាំង លាយឡំនឹងខ្យល់កន្ត្រាក់ បានបណ្តាលឱ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួន៨គ្រួសារ នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយអាជ្ញាធរខេត្ត បានផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់គ្រួសាររងគ្រោះ ដោយក្នុង១គ្រួសារៗ រួមមាន៖ កៅស៊ូតង់ ១ អង្ករ ២៥គីឡូក្រាម មី ១កេះ ទឹកត្រី១យួ ត្រីខ ១យួ និងប្រេងឆា ១ដបផងដែរ៕