(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អតីតប្រមុខការទូតកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលចិន បានផ្តល់ជំនួយដល់ប្រទេសកម្ពុជា ក្នុងកិច្ចចូលរួមស្តារសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធនានា ដោយមិនកំណត់លក្ខខណ្ឌនយោបាយ ដូចប្រទេសមួយចំនួន។
ការបញ្ជាក់បែបនេះរបស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល តាមរយៈវីដេអូ Video Conference ជាមួយលោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន សហប្រធានខាងភាគីចិន នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ។
អតីតប្រមុខការទូតកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មិនមានការផ្តាច់មុខមិត្តភាពរបស់កម្ពុជា ជាមួយប្រទេសណានោះទេ យើងបើកចំហរទាំងអស់ ទំនាក់ទំនងកម្ពុជា-ចិន ល្អដោយសារអី ដោយសារចិន ផ្តល់ជំនួយឥតសំណង ផ្តល់ឥណទានជាច្រើនក្នុងការកសាងសង្គមកម្ពុជា ការបណ្តាក់ទុនវិនិយោគជាច្រើននៅកម្ពុជា អត់មានលក្ខខណ្ឌនយោបាយ»។
ឧបនាយករដ្ឋមន្ត្រី បានបន្ថែមពីនេះ ទំនាក់ទំនងកម្ពុជា គឺជាទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងរឹងមាំបំផុត។ ក៏ប៉ុន្តែ ទំនាក់ទំនងកម្ពុជា-ចិន មិនមែនជាទំនាក់ទំនងផ្តាច់មុខនោះទេ គឺប្រទេសកម្ពុជា ត្រូវការរឹតចំណងមិត្តភាពទាំងអស់ជាមួយប្រទេសនានា នៅជំវិញពិភពលោក។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្ថែមយ៉ាងដូច្នេះថា៖ «ការអភិវឌ្ឍកម្ពុជាជាង២០ឆ្នាំនេះ បានខ្ទង់៧ភាគរយ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ ជូនកាលលើស ៧ភាគរយ ដោយសារការខិតខំរបស់ប្រជាជនយើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ប៉ុន្តែ ជំនួយរបស់ចិន ការឧបត្ថម្ភរបស់ចិន ដូចជាជំនួយឥតសំណង កម្ចីអត់ការប្រាក់ កម្ចីការប្រាប់ទាប និងជំនួយបច្ចេកទេសនានា ទាំងអស់នេះបានជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាយើង»។
ជាមួយគ្នានេះដែរ តាមរយៈទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ជ្រោយនេះហើយ នៅក្នុងដំណាក់ប្រទេសចិន កំពុងតែជួបវិបត្តិកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាមេដឹកនាំទី១ បានឈានជើងចូលក្នុងប្រទេសចិន ដើម្បីលើកទឹលចិត្តរដ្ឋាភិបាលចិន នាដំណាក់កាលឯកោ ដែលគ្មានមេដឹកនាំបរទេសមួយហានធ្វើសកម្មភាពបែបនេះ ដូចសម្តេចតេជោនោះទេ។
តួយ៉ាងដើម្បីចូលរួមស្តារសេដ្ឋកិច្ចកម្ពុជា ក្នុងវិបត្តិរាតត្បាតវីរុសកូវីដ១៩ រដ្ឋាភិបាលចិន បានបញ្ជាទិញស្រូវជាង៣០ម៉ឺនតោន ចុះកិច្ចព្រមព្រៀងនាំផ្លែស្វាយពីកម្ពុជា ព្រមទាំងសន្យាបន្តជួយទិញកសិផលផ្សេងទៀត របស់កម្ពុជា ជាដើម។ បន្ថែមរដ្ឋាភិបាលចិន បានបញ្ជូនសម្ភារសម្រាបប់បម្រាប់បម្រើដល់វិស័យកាត់ដេរនៅក្នុងកម្ពុជា ដើម្បីជួយបន្តការងារមួយចំនួនធំដល់កម្មករ កម្មការិនីកម្ពុជាផងដែរ៕