(កណ្តាល)៖ មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល ឧត្តមសេនីយ៍ សំ តុលា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមមន្រ្តីរបស់ខ្លួន ចូលរួមធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បន្ទាប់ពីមន្រ្តីខ្លះ ហួសសុពលភាព ខ្លះខូច និងខ្លះទៀត បាត់បង់ដោយប្រការណាមួយ ដែលការធ្វើអត្តសញ្ញាណប័ណ្ណនេះ គឺដើម្បីត្រៀមចូលរួមបោះឆ្នោតនៅពេលខាងមុខ និងដើម្បីប្រើប្រាស់សម្រាប់តម្រូវការប្រចាំថ្ងៃផងដែរ។

លោកឧត្តមសេនីយ៍ សំ តុលា បានថ្លែងថា ដោយអនុវត្តតាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល និងប្រសាសន៍នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសឲ្យនាយ នាយរង និងពលអាវុធហត្ថធ្វើអត្តសញាណប័ណ្ណប្រជាជន ដែលហួសសុពលភាពចាស់ ឬខូចនោះ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ លោកបានដឹកនាំមន្រ្តី របស់ខ្លួនចំនួន៤៣នាក់ ចូលរួមធ្វើថ្មីដើម្បីបានបោះឆ្នោតនាពេលខាងមុខ។

លោកមេបញ្ជាការ បានបន្តទៀតថា មន្រ្តីនគរបាល ផ្នែកអត្តសញ្ញាណប័ណ្ណ នៃស្នងការដ្ឋាន នគបាលខេត្តកណ្តាល បានមកធ្វើអត្តសញ្ញាណបណ្ណ ប្រជាជនជូនដល់នាយ នាយរង និងពលអាវុធហត្ថ ដល់ទីបញ្ជាការខេត្តតែម្តង។

លោកឧត្តមសេនីយ៍ សំ តុលា បានបញ្ជាក់ថា ដោយមានការស្នើ និង សហការណ៍ល្អជាមួយស្នងការដ្ឋាននគបាលខេត្តកណ្តាល នោះ ស្នងការនគរបាលខេត្ត បានបញ្ជូនជំនាញ និងសម្ភារបច្ចេកទេស មកធ្វើអត្តសញ្ញាណប័ណ្ណ ប្រជាជនជូន ដល់នាយ នាយរង និងពលអាវុធហត្ថដល់ទីបញ្ជាការខេត្ត នេះគឺដោយសារកងកម្លាំង មិនមានពេលគ្រប់គ្រាន់ ដើម្បីទៅធ្វើផ្ទាល់ខ្លួនព្រោះជាប់ចុះប្រតិបត្តិការបង្ការ បង្រាប និង ជួយសង្គ្រោះប្រជាជនជាប្រចាំក្មុងមូលដ្ឋាន។

សម្រាប់ការចំណាយ ថវិកាធ្វើអត្តសញ្ញាណប័ណ្ណជូន កងកំលាំង លោកមេបញ្ជាការខេត្ត ជាអ្នករ៉ាប់រងទាំងអស់៕