(ភ្នំពេញ)៖ លោកស្រី ហ៊ុន ស៊ីណាត ត្រូវជាប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់ពាក្យប្តឹងតារាចម្រៀង ល្បីឈ្មោះ អ្នកនាង ម៉េង កែវពេជ្ជតា ទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ចំនួន២ បទល្មើស គឺ បទ«បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើង»។
យោងតាមពាក្យបណ្ដឹង ដែល Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ លោកស្រី ហ៊ុន ស៊ីណាត បានអះអាងក្នុងពាក្យបណ្តឹងរបស់ខ្លួនថា ទង្វើរបស់តារាចម្រៀង ម៉េង កែវពេជ្ជតា គឺ ជាការប្រមាថ និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសរបស់លោកស្រី ជាពិសេសធ្វើឲ្យសាធារណជន មានការភ័ន្តច្រឡំ ចោទប្រកាន់មកលើរូបលោកស្រី ឲ្យមានការរើសអើងក្នុងសង្គម ។
នៅក្នុងពាក្យបណ្ដឹង លោកស្រី ហ៊ុន ស៊ីណាត បានសំណូមពរឲ្យតុលាការ ផ្តន្ទាទោសតារាចម្រៀង ម៉េង កែវពេជ្ជតា និង បក្ខពួកទៅតាមច្បាប់ និង សុំទាមទារសំណងជំងឺចិត្តតាមច្បាប់កំណត់។
ជុំវិញបញ្ហាពាក្យបណ្ដឹងគួរឲ្យភ្ញាក់ផ្អើលនេះ គិតត្រឹមរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ អង្គភាពព័ត៌មាន Fresh News នៅពុំទាន់អាចសុំការបំភ្លឺពីតារាចម្រៀង ម៉េង កែវពេជ្ជតា បាននៅឡើយទេ ខណៈដែលតារារូបនេះ ត្រូវបានគេដឹងថា មិនងាយនឹងឲ្យអ្នកសារព័ត៌មានណាសម្ភាសន៍រូបនាងណាស់។ ដោយឡែកសម្រាប់ Page Facebook ផ្លូវការរបស់តារាចម្រៀង ម៉េង កែវពេជ្ជតា ក៏ពុំទាន់មានប្រតិកម្ម បែបណានោះដែរ៕